​ប្រែ​សម្រួលៈ​បំណង​(ST)៖ ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​ប្រាំពីរ​(G-7)​កាលពី​ថ្ងៃអាទិត្យ​បាន​សន្យា​រៃអង្គាសប្រាក់​អោយបាន​៦០០​ពាន់​លាន​ដុល្លារ​ទាំង​ក្នុង​មូលនិធិ​ឯកជន​និង​សាធារណៈ​​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​គំរោង​ហេដ្ឋារចនាសម្ពន្ធ​នានា​នៅក្នុង​បណ្តា​ប្រទេស​កំពុ​ង​អភិវឌ្ឍន៍​ ក្នុងបំណងទប់ទល់​នឹង​គំរោង​ខ្សែក្រវាត់​និង​ផ្លូវ​តំលៃ​ទ្រី​លាន​ដុល្លារ​របស់​ចិន​។​

​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន និង​មេដឹកនាំ​G-7​ដទៃ​ទៀត​បាន​បង្កើត​គំរោង​ថ្មី​របស់​គេ​ដាក់ឈ្មោះថា «ភាព​ជា​ដៃគូ​សំរាប់​ហេដ្ឋារចនាសម្ពន្ធ​និង​ការវិនិយោគសកល​»​នៅ​ជំ​នួន​ប្រចាំឆ្នាំ​របស់​​គេ​នៅ​ប្រាសាទ​អែល​មូ របស់​អាល្លឺម៉ង់​ខាងត្បូង​។​

​លោកបៃ​ដិន បាន​និយាយថា អាម៉េរិក​នឹង​ប្រមូលប្រាក់​២០០​ពាន់​លានជា​ជំនួយ មូលនិធិ​សហព័ន្ធ​និង​មក​ពី​ការវិនិយោគ​ឯកជន​នៅ​រយៈពេល​ប្រាំ​ទៅ​មុខ​ដើម្បី​គាំទ្រ​គំរោង​នានា​នៅក្នុង​ប្រទេស​កំពុង​​អភិវឌ្ឍន៍​មាន​ចំណូល​ទាប​និង​មធ្យម ដែល​នឹង​ជួយ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ក៏​ដូចជា​ធ្វើអោយ​ប្រសើរ​ឡើង​សុខភាព​សកល សមភាព​ជិនឌ័​រនិង​ហេដ្ឋារចនាសម្ពន្ធ​ឌីជីថ​ល​។​

​លោកបៃ​ដិនបាន​និយាយទៀតថា​«ខ្ញុំ​ចង់​បញ្ជាក់​អោយ​ច្បាស់ វា​មិន​ជា​ជំនួយ​ឬ​ការងារ​សប្បុរសធម៌​ទេ ។​វា​ជា​ការវិនិយោគ​មួយ​ដែល​នឹង​នាំ​មក​ផលប្រយោជន៍​សំរាប់​គ្រប់គ្នា​។​វា​នឹង​អនុញ្ញាត​អោយ​ប្រទេស​​ទាំងនោះ​មើល​ឃើញ​ផលប្រយោជន៍​ជា​ក់លា​ក់ដោយ​គ្រាន់តែ​ចាប់ដៃ​សហការ​ជាមួយ​បណ្តា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​»​។​

​បើ​តាម​មេដឹកនាំ​អាម៉េរិក​រូបនេះ ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​បន្ថែម​អាច​ធ្លាក់​មក​ពី​បណ្តា​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី ស្ថាប័ន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍ មូលនិធិ​វិនិយោគ​សង្គម​របស់​រដ្ឋ​និង​មកពី​ប្រភព​ដទៃ​​ទៀត​។​

​អឺរ៉ុប​ក្នុងពេល​ជាមួយគ្នា​ក៏​នឹង​កេណ្ឌ​ប្រមូលប្រាក់​៣០០​ពាន់​លាន​ដើម្បីគំនិត​ផ្តួចផ្តើម​នេះ​សំរាប់​រយៈពេល​ដូចគ្នា​ដើម្បី​បង្កើត​គំរោង​មួយ​ជំនួស​អោយ​គំរោង​«​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វាត់និង​ផ្លូវ​»​របស់​ចិន​​ដែល​ប្រធានា​ចិន​លោក ស៊ី ជីន​ភីង បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៣ នេះ​បើ​តាម​ការលើកឡើង​របស់​ប្រធាន​គណកម្មាធិកា​រ​អឺរ៉ុប​លោក​ស្រី អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យេន​។​

​មេដឹកនាំ​ប្រទេស​អ៊ីតាលី កាណាដា និង​ជប៉ុន​ក៏​បាន​និយាយ​អំពី​ផែនការ​របស់​គេ ដោយ​ខ្លះ​ត្រូវបាន​ប្រកាស​រួច​ហើយ​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន មិន​មាន​វត្តមាន​ក្នុង​ជំនួប​នេះ​ទេ តែ​តំណាង​បាន​ចូលរួម​។​

​សូមបញ្ជាក់​ថា គំរោង​វិនិយោគ​របស់​ចិន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​និង​កម្មវិធី​នៅ​ជាង​១០០​ប្រទេស​មាន​បំណង​បង្កើត​ចក្រ​ពាណិជ្ជកម្ម​ផ្លូវ​សូត្រ​សម័យ​ទំនើប​មួយ​ចាប់ពី​អាស៊ី​ដល់​អឺរ៉ុប​។​

​នៅ​ជំនួប​G-7 លោកបៃ​ដិនបាន​រំលេច​គំរោង​ធំៗ​ជាច្រើន រួម​មាន​គំរោង​អភិវឌ្ឍន៍​ថាមពល​បន្ទះ​សូ​ឡា​តំលៃ​២​ពាន់​លាន​ដុល្លារ​មួយ​នៅ​អង់​ហ្គោឡា ជាមួយ​នឹង​ការគាំទ្រ​ពី​ក្រសួង​ណា​ណិ​ជ្ជកម្ម ធនាគារ​​នាំ​ចេញ​នាំ​ចូល​អាម៉េរិក ក្រុមហ៊ុន​AfricaGlobal Schaffer​របស់​អាម៉េរិក និង​គំរោង​អភិវឌ្ឍន៍​Sun Africa​របស់​អាម៉េរិក​។​

​រួម​ជាមួយ​សមាជិក​G-7 និង​សហភាព​អឺរ៉ុប រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ក៏​នឹង​ផ្តល់​ប្រាក់​៣,៣​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​បច្ចេកទេស​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​Institut Pasteur de Dakar​នៅក្នុង​​ប្រទេស​សេ​ណេហ្កា​ល់ សំរាប់​ផលិត​វ៉ាក់សាំង​។​

​ទីភ្នាក់ងារ​អាម៉េរិក​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ក៏​នឹង​ជួយ​ប្រាក់​៥០​លាន​ដុល្លារ​សំរាប់​រយៈពេល​ប្រាំ​ឆ្នាំ​ដល់​មូលនិធិ​លើកទឹកចិត្ត​កុមារ​សកល​របស់​ធនា​គារ​ពិភពលោក​៕

​លោកបៃ​ដិន​ប្រកាស​គំរោង​វិនិយោគ​តំលៃ​៦០០​ពាន់​លាន​ដុល្លារ​សំរាប់​ពិភព​កំពុងអភិវឌ្ឍន៍​នៅ​ថ្ងៃ​ទី​មួយ​របស់​លោក​នៅ​ជំនួប​G-7