ដោយៈ បញ្ញាសាស្ត្រ / ភ្នំពេញៈ អតីតតារាចម្រៀង Rock ម៉ូលីកា ធ្លាប់បានអះ អាងថាៈ នៅពេលដែលស្ថានភាពកូវីដ ១៩ ស្ងប់ស្ងាត់ នាងនឹងធ្វើពិធីឡើងផ្ទះវីឡាថ្មី ផ្គួបជាមួយ ខួបកំណើតកូនស្រី សំណព្វចិត្តរបស់នាង ឥឡូវ ពេលនេះ អ្នកលក់ Online ល្បីឈ្មោះរូបនេះ បានត្រៀមរួចជាស្រេច ក្នុងការរៀបចំកម្មវិធី ខាងលើនេះ ដែលនឹងរៀបចំពិធីជប់លៀងធំ ដល់ទៅ ១០០ តុ ឯណោះ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
តាមការបង្ហើបរបស់ ម៉ូលីកា ភ្ញៀវដែលនាងបានអញ្ជើញនោះ មានលោកស្រី ហ៊ុន ស៊ីណាត និងតារាធ្លាប់រួមអាជីព ព្រមទាំងអ្នកលក់ Online រួមទាំងដៃគូសហការ រកស៊ីជាមួយនាងទាំង អស់។ ប៉ុន្ដែការត្រៀមចំណាយលុយ អស់ប៉ុន្មាននោះ មិនត្រូវបានម៉ូលីកា ប្រាប់ជាមុនឡើយ ដោយនាងថា នឹងរៀបចំកម្មវិធីនោះ ទៅតាមសភាពជាក់ស្ដែង។
តែអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះ ថៅកែស្រី ហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង .ឯ.ក រូបនេះ បានទិញរថយន្ដ ១គ្រឿងដ៍ថ្មីសន្លាង ម៉ាក Jaguar កាដូឲ្យកូនស្រីនាង ឈ្មោះ នុណ ច័ន្ទម៉ូនីតា សម្រាប់ខួបគម្រប់ ២ ឆ្នាំនេះ។ នេះជាការបន្ថែមរថយន្ដ ទំនើប ១គ្រឿងផ្សេងទៀត ខណៈដែលកន្លងមក គេឃើញម៉ូលីកា ជិះរថយន្ដម៉ាក ទំនើបៗ ដូចជា Ford Raptor , Range Rover និង Alphard ជាដើម។
សូមរំលឹកថា ម៉ូលីកា បានដឹកដៃតារាសម្ដែងលោក ហុង មានុណ ហៅ ឆានុន រៀបការ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ និងបានសម្រាលកូនស្រី នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០។ ដោយសារតែមានការមហាញឹក ក្នុងអាជីវកម្មផ្ទាល់ខ្លួន ម៉ូលីកា បានផ្អាកឡើងច្រៀង សម្ដែងតាមបណ្ដាឆាកតន្ដ្រីទាំងឡាយ រយៈពេល ជាច្រើនខែមកហើយ ខណៈដែលស្វាមីនាង លោក ឆានុណ វិញ ក៍មិនសូវមាន ពេលថតភាពយន្ដ ដូចមុនទៀតដែរ។ គូស្នេហ៍តារា ១គូនេះ ត្រូវបានគេសរសើរ ពីជីវភាពរបស់ពួកគេថា ធូធារខ្លាំង ក្រោយចាប់ដៃគ្នា ជាង ២ ឆ្នាំនេះ ដោយ ពេលនេះ មានផ្ទះយ៉ាងប្រណិត និងជិះរថយន្ដទំនើបៗ ខណៈដែលអ្នកទាំងពីរ ក៏តែងតែបានលេចមុខ ធ្វើកម្មវិធីសប្បុរសធម៌ ជាបន្ដបន្ទាប់ផងដែរ តាមរយៈការ ផ្ដល់ជំនួយ ដល់តារាចាស់ជរាគ្មានទីពឹង និងជនទីទ័លក្រ មួយចំនួន។
ដោយឡែក ទាក់ទងគម្រោងយកកូនថែមវិញ ម៉ូលីកា ធ្លាប់វាចាថា នាងមិនទាន់ គិតគូរ ក្នុងពេលឆាប់ៗនេះឡើយ ព្រោះក្រោយពីកូវីដ ថមថយទៅវិញនេះ អាជីវកម្ម តាម Online របស់នាង មានសន្ទុះខ្លាំងក្លាវិញ ទើបពិតជាមមាញឹក ជាមួយការងារ ផ្ទាល់ខ្លួននោះ មិនអាចដកឃ្លា ឬគិតគូរឿងយកកូនទី២ នោះទេ៕/V-PC