​ដោយៈ ប​.​ខុន / ភ្នំពេញៈ ចាប់ពី​ថ្ងៃទី​២៩ ខែមិថុនា រហូតដល់​ដើមខែ​កក្កដា ប្រទេស​កម្ពុជា មាន​បាតុភូត​ខ្យល់​កន្ត្រាក់ កើតឡើង​ច្រើន ជាមួយ​ខ្យល់​បក់បោក​ខ្លាំង ជាពិសេស​នៅ​តំបន់ មាត់សមុទ្រ ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម​មួយ ដែល​បាន​កើតឡើង នៅក្នុង​សមុទ្រ​ចិន ខាងត្បូង ភាគ​ពាយ័ព្យ នៃ​ប្រទេស​ហ្វីលីពីន ដើរ​ទៅរក​ដីគោក ប្រទេស​ចិន ម្តុំ​ហុងកុង​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ នេះ​ថាៈ ប្រទេស​កម្ពុជា ចាប់ ពីថ្ងៃ​ទី​២៩ មិថុនា រហូតដល់​ដើមខែ​កក្កដា មាន​បាតុភូត​ខ្យល់​កន្ត្រាក់ កើតឡើង​ច្រើន ជាមួយនឹង​ខ្យល់​ខ្លាំង ជាពិសេស​នៅ​តំបន់​មាត់សមុទ្រ ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប​មួយ នៅលើ​ភាគ​ខាង ជើង​ប្រទេស​ហ្វីលីពីន ដើរចូល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​វិ​វត្ត​ទៅជា សម្ពាធ​ទាប​សកម្ម ឬ​ជា​វិ​សម្ពាធ ដើរ​ទៅរក​ដីគោក នៃ​ប្រទេស​ចិន ម្តុំ​ហុងកុង​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ នៅក្នុង​អំឡុងពេល​ខាងលើ ក្រៅពី​មាន​ខ្យល់​ខ្លាំង ភ្លៀង​ក៏​នៅតែមាន​ធ្លាក់ តែ​មិន​រាយប៉ាយ​ស្មើ​ទេ មានតែ​នៅ តំបន់​មាត់ សមុទ្រ និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​ខ្ពង់រាប​ភាគ​ខាងជើង ឯ​តំបន់​ទំនាប​កណ្តាល មាន​ភ្លៀង​ធ្លាក់​ខ្សោយ​។ ប៉ុន្តែ​អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​នោះ គឺមាន​ខ្យល់​ខ្លាំង ជាពិសេស នៅ​តំបន់​មាត់សមុទ្រ​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹង​ផងដែរ​ថាៈ នៅពេល​ខាងមុខ នៅ​តំបន់​អាង​ទន្លេមេគង្គ ក្នុងប្រទេស​ឡាវ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ។ តំបន់​ខ្ពង់រាប​របស់​ប្រទេស​កម្ពុជា ក៏មាន​ភ្លៀង ធ្លាក់​ដែរ តែ​មិន​ច្រើន​ទេ ដូច្នេះ​ទឹកទន្លេ​មេគង្គ នៅ​មិនទាន់​ហក់​ឡើង​ខ្លាំង​បានឡើយ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២១ ខែមិថុនា បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ ស្ថានភាព​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួល​ឥទ្ធិពល ពី​ជ្រលង​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូសបន្លាយ នៅលើ​ភាគ​ខាងជើង ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ជាមួយនឹង​ខ្យល់ មូសុង​និរតី បក់​ក្នុង​ល្បឿន ពី​មធ្យម​ទៅ​បង្គួរ បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង បានសរសេរថាៈ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥ ទៅ ៣៧ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ ជាមួយគ្នា​នោះ ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត និង​រាជធានី អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​នៅ​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង នៅក្នុង​កម្រិត​ពី​តិច ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដោយ​អន្លើ​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២៤ ទៅ ២៦ អង្សា​សេ និង សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ ។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ព្រមទាំង​មាន​រលក​សមុទ្រ ក្នុង​កម្រិត​មធ្យម​៕/V​