ដោយ​៖ សាត​ចាន់​បុត្រ / មណ្ឌលគិរី​៖ ស្ត្រី​ម្នាក់ បាន​ស្លាប់​ភ្លាមៗ ដោយសារ រន្ទះបាញ់ នៅពេលដែល​នាង កំពុង​ប្រើ​ចប កាយ​អាចម៍ដី ដើម្បី​កុំឱ្យ​ទឹក​ហូរ​ចូល​ផ្ទះ ពេល​មេឃ កំពុង​ភ្លៀង​ខ្លាំង​។ ហេតុការណ៍​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ ជា ៥ ល្ងាច ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ចំណុច​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

​សមត្ថកិច្ច​មូលដ្ឋាន បានបញ្ជាក់​ថាៈ ជនរងគ្រោះ ឈ្មោះ សុខ គង់ ភេទ​ស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃ ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ ខាងលើ​។ សមត្ថកិច្ច បាន​បន្តថាៈ មូលហេតុ ដោយ​យោងតាម​ការបំភ្លឺ​របស់​ឈ្មោះ បើ​ច​ច ហៃ អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ ( ត្រូវជា​ប្តី​ស្ត្រី រងគ្រោះ​) បាន​រៀបរាប់ថាៈ នៅ​ថ្ងៃកើតហេតុ នា​វេលា​ម៉ោង​ប្រហែលជា ៥ ល្ងាច មាន​ភ្លៀង និង​ផ្គរ រន្ទះ ពេលនោះ ប្រពន្ធ​របស់ គាត់ (​ជនរងគ្រោះ​) បាន​ទាញ​ចប ទៅ​កាប់​ប្រឡាយ កុំឱ្យ​ទឹក​ហូរ​ចូល​ផ្ទះ ក៏ត្រូវ​រន្ទះបាញ់​ស្លាប់ នៅ​ហ្នឹង​កន្លែង​តែម្ដង​។​

​ក្រោយ​ពេលធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច បានប្រគល់​សព ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​-PC