ដោយៈ សរិទ្ធ / ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្ត ជ្រុលទៅបុករះឡំប្រឺតា និងរទេះលក់ សាច់អាំង រងការខូចខាត យ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ១០និង៣០នាទី យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខហាង ម៉ាស្សាមួយកន្លែង តាមបណ្ដោយ ផ្លូវលេខ២៦១ កែងនឹងផ្លូវលេខ១៦០ ស្ថិតក្នុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញ បុរសម្នាក់ បើករថយន្ត Toyota Prius ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-1295 ធ្វើដំណើរតាម បណ្តោយផ្លូវលេខ២៦១ ពីទិសខាងជើង ទៅខាងត្បូង លុះមកដល់ ចំណុចកើតហេតុ ខាងលើ បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុករះឡំប្រឺតា មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-2881 និងរទេះលក់សាច់អាំង ខណៈកំពុងចតស្ងៀម លើចិញ្ចើមផ្លូវ បណ្ដាលឱ្យ រងការខូចខាតយ៉ាងដំណំ និងខ្ទាតសាច់អាំង រាយពេញផ្លូវ។ ភ្លាមៗនោះ គេឃើញអ្នកបើកបរ ចេញពីរថយន្ត ដើរទ្រេតទ្រោត សង្ស័យស្រវឹងស្រា។
ក្រោយកើតហេតុ គេឃើញមានអាជ្ញាធរមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បានឱ្យ ភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា។ ក្រោយពីសម្របសម្រួលគ្នា អស់រយៈពេលជិត កន្លះម៉ោង ទើបខាងភាគីបង្ក បានចេញសំណងថ្លៃខូចខាត ទៅឱ្យភាគីម្ចាស់ឡំប្រឺតា និងភាគីម្ចាស់រទេះលក់សាច់អាំង ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕/V-PC