ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ក្មេង​ទំនើង ពីរ​នាក់ ក្នុងចំណោម ប្រាំ​នាក់ ត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ បន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់ បំផ្លាញ ម៉ូតូ​របស់​ជន រងគ្រោះ កាលពី​ថ្ងៃទី​២៣ ខែមិថុនា នៅវេលា​ម៉ោង ១៥​និង​៤០​នាទី នៅ​ចំណុច​:​មុខផ្ទះ របស់​ជនរងគ្រោះ ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ ឈ្មោះ ឈី​វ ឌី​ណា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ដូរ ។ ជនសង្ស័យ ជា​ក្មេងប្រុស មាន​គ្នា​ប្រាំ​នាក់ គឺៈ​១-​ឈ្មោះ លៀម ឈុនលី អាយុ​១៥​ឆ្នាំ សិស្ស ថ្នាក់​ទី​៩B1 វិទ្យាល័យ​ហ៊ុន សែន ចាក់អង្រែ និង ២-​ឈ្មោះ ឈឿន វ៉ាន់​ណា ហៅ ផាន់ អាយុ​១៥​ឆ្នាំ សិស្ស​ថ្នាក់​ទី​៩D2 វិទ្យាល័យ ហ៊ុនសែន ចាក់អង្រែ ទាំងពីរ​នាក់ មាន​ទីលំនៅ​ភូមិ ព្រែក​តា​ឡុង សង្កាត់​ចាក់ អង្រែ​ក្រោម ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ហើយ​បាន​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន ។​

​ចំណែក​ក្មេងប្រុស បីនាក់​ទៀត ដែលជា​បក្ខពួក បាន​គេចខ្លួនបាត់ រួមមានៈ ៣-​ឈ្មោះ រ៉ុង អាយុ​១៧​ឆ្នាំ មុខរបរ សិស្ស​ថ្នាក់​ទី​១០ វិទ្យាល័យ ហ៊ុនសែន ចាក់អង្រែ​, ៤-​ឈ្មោះ រក្សា អាយុ​១៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ និង ៥-​ឈ្មោះ រ៉ា អាយុ​១៦​ឆ្នាំ មុខរបរ សិស្សសាលា វេ​ស្លែ​ន តាខ្មៅ ។ ទាំងបី​នាក់ មាន​ទីលំនៅ​:​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថាៈ នៅវេលា​កើតហេតុ ជនរងគ្រោះ បាន​ទុក​ម៉ូតូ​នៅ មុខ​ហាង លក់​ភេសជ្ជៈ​របស់ខ្លួន ពេលនោះ ស្រាប់តែ​ក្រុម​ជនសង្ស័យ ខាងលើ បាន​ជិះ​ម៉ូតូ ២​គ្រឿង ដោយមាន​កាន់​កាំបិតប៉័ងតោ យក​អាវ​រុំ ធ្វើ​សកម្មភាព​កាប់ ទៅលើ​ម៉ូតូ របស់​ជនរងគ្រោះ ដោយ​មិនដឹង​មូលហេតុ បណ្តាលឱ្យ​រង​ការខូចខាត រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ទៅ ។

​ក្រោយ​ទទួលបាន​ពាក្យបណ្តឹង ពី​ជនរងគ្រោះ​រួចមក កម្លាំង​ជំនាញ បាន​ស្រាវជ្រាវ តាមរយ​:​កាមេរ៉ា​សុវត្ថិភាព កំណត់​មុខសញ្ញា រហូតដល់​ថ្ងៃទី​២៦ ខែ​ឆ្នាំ​ដដែល ទើប​ឃាត់ខ្លួន ជនសង្ស័យ បាន​ពីរ​នាក់ ជា​អ្នកបើក​ម៉ូតូឌុប​បក្ខពួក​ធ្វើ​សកម្មភាព ។ ចំណែក​ជនសង្ស័យ បីនាក់​ទៀត ជិះ​ម៉ូតូ​គេចខ្លួនបាត់ ។

​ជនសង្ស័យ រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕/V​-PC