ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសម្នាក់បានស្លាប់ ដោយសាររថយន្តមិនស្គាល់ម៉ាក មួយគ្រឿង បើកលឿនទៅបុកម៉ូតូពីក្រោយ យ៉ាងពេញទំហឹង ប៉ើងម៉ូតូទៅមុខជា ច្រើនម៉ែត្រ ។ ចំណែក រថយន្តបង្កហេតុ បានបើកបត់ត្រឡប់ក្រោយគេចខ្លួន បាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០ នាទី យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឱ្យដឹងថាៈ សពជនរងគ្រោះ មានឈ្មោះ ប៊ុន សត្យារិទ្ធ អាយុ៣៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនកើតហេតុ គេឃើញ បុរសម្នាក់ បើកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-3127 តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីខាង ជើងទៅខាងត្បូង ដោយមានគោលបំណង ត្រឡប់ទៅផ្ទះវិញ លុះពេលជិះមក ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ពណ៌ស មួយគ្រឿង មិនស្គាល់ម៉ាក (ស្លាកលេខជ្រុះនៅកន្លែងកើតហេតុ មានលេខ ភ្នំពេញ 2AE-8533) បើកបរតាម បណ្តោយផ្លូវ៦០ម៉ែត្រ ស្របទិសគ្នា យ៉ាងលឿន បានជ្រុលទៅបុកម៉ូតូពីក្រោយ ពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យបុរស ជា អ្នកបើកម៉ូតូស្លាប់ ក្រោយពេលបញ្ជូន ទៅដល់មន្ទីរពេទ្យឯកជន មួយកន្លែង នៅខណ្ឌដង្កោ។ ចំណែកឯរថយន្តបង្ក បានបើកបត់ត្រឡប់ក្រោយ រត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ យកម៉ូតូជនរងគ្រោះ ទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ហើយបានធ្វើកំណត់ហេតុ ប្រគល់សពឱ្យទៅក្រុម គ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ រីឯរថយន្តបង្ក សមត្ថកិច្ច នឹងស្រាវជ្រាវតាមស្លាក លេខបន្ត ដើម្បីឃាត់ខ្លួនអ្នកបើកបរ យកមកចាត់ការ ទៅតាមនីតិវិធី៕/V-PC