ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: យុវជនម្នាក់ បានរងរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្តធុនធំ បុកម៉ូតូ នៅវេលាម៉ោង ៥និង២០នាទី ព្រឹកថ្ងៃទី២៧ មិថុនា ២០២២ នៅលើផ្លូវជាតិលេខ៥ ចំណុចផ្លូវបែកជា៤ ជាប់របង ខាងត្បូងផ្ទះ សំណាក់ ផ្កាយព្រឹកផឹក ក្នុងភូមិដំណាក់កំពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគបាល ក្រុងកំពង់ឆ្នាំង បានឱ្យដឹងថាៈ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក.៥៥២៩.ភព៣ អ្នកបើករថយន្ត មិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីខាង ត្បូងទៅខាងជើង បានបុកម៉ូតូហុងដា ស្កុបពី មួយគ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1M2683 អ្នកបើកបរឈ្មោះ ហៀង ពិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បើកបរឆ្លងផ្លូវ ពីខាងកើតទៅខាងលិច ។
សមត្ថកិច្ចនគរបាលចរាចរណ៍ ក្រុងកំពង់ឆ្នាំង បានឲ្យដឹងទៀតថាៈ មុនពេល កើតហេតុ អ្នកជិះម៉ូតូបានឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន មកដល់ចំណុចកើតហេតុ ក៍ត្រូវបានរថយន្ត ដឹកទំនិញធុនធំ បុក ហើយអូសចម្ងាយ ២០ ម៉ែត្រ បណ្តាលឱ្យ ជនរងគ្រោះ រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារ ដឹកយក ទៅសង្គ្រោះ បន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅក្នុងរថយន្តធំ ខាងលើនេះ មានអ្នកជិះ ចំនួន ៤ នាក់ តែគេមិនដឹងថា អ្នកណាម្នាក់ ជាអ្នកបើកបរនោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បាននាំយកវត្ថុតាងរថយន្ត និងម៉ូតូ រួមនឹងអ្នក នៅលើរថយន្ត ទាំងបួននាក់ នាំយកទៅសាកសួរ នៅអធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង៕/V-PC