ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រេសិត​ពិសេស របស់​ប្រធាន​អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា បាន​ជម្រាបជូន ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) នៃ​សហភាព​មី​យ៉ាន់​ម៉ា នូវ «​ក្តីកង្វល់​យ៉ាងខ្លាំង របស់​សហសេវិក​អាស៊ាន​» ចំពោះ​របាយការណ៍ ស្ដីពី​ការផ្ទេរ​លោកស្រី អោ​ង​សាន ស៊ូ​ជី ពី​លំនៅដ្ឋាន​ទៅកាន់​ពន្ធនាគារ នៅក្នុង​ទីក្រុង​ណៃ​ពិដោ និង​បាន​ទទូច​ឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាល រដ្ឋ សម្របសម្រួល ដល់​ការបញ្ជូន​លោកស្រី ត្រឡប់​ទៅ​លំនៅដ្ឋាន ដែលជា​ទីតាំង​លោកស្រី ត្រូវបាន​ឃុំខ្លួន ពីដំបូង​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើង ក្នុង​លិខិត​ផ្ញើជូន​លោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ក្នុងពេល​ថ្មីៗ​នេះ​ថាៈ «​ខ្ញុំ​មិនមាន​មន្ទិលសង្ស័យ​ទេ​ថា ក្តីបារម្ភ​ដូចគ្នានេះ កើតឡើង​ហួស​ពី​ក្នុង​រង្វង់​អាស៊ាន ដោយហេតុថា លោកស្រី អោ​ង​សាន ស៊ូ​ជី ត្រូវបាន​ចាត់ទុក ក្នុង​រង្វង់​អន្តរជាតិ និង​ដោយ​ប្រជាជន​ជាច្រើន នៅ​មី​យ៉ាន់​ម៉ា ថា​មាន​តួនាទី​ដ៏​សំខាន់ ក្នុងការ​វិលត្រឡប់ ទៅរក​ប្រក្រតីភាព និង​ការផ្សះផ្សា​ជាតិ ឡើងវិញ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា តាមរយៈ​ដំណោះស្រាយ​នយោបាយ ដោយ​សន្តិវិធី​មួយ​»​។​

​លោក ឧបនាយករដ្ឋមន្ត្រី បាន​បន្តទៀតថាៈ ក្នុងតួនាទី​ជា​ប្រេសិត​ពិសេស របស់​ប្រធាន អាស៊ាន ស្ដីពី​មី​យ៉ាន់​ម៉ា «​ខ្ញុំ​សូម​លើកឡើង​ពី​ការទទូច​របស់ សហសេវិក​អាស៊ាន សូមឱ្យ ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ នៃ​មី​យ៉ាន់​ម៉ា ប្រកាន់យក ក្តី​អនុគ្រោះ និង​សម្រួល​ដល់​ការវិលត្រឡប់ របស់លោក​ស្រី អោ​ង​សាន ស៊ូ​ជី ទៅកាន់​លំនៅដ្ឋាន ដែល​លោកស្រី ត្រូវបាន​ឃុំខ្លួន​ពីដំបូង ដោយ​ហេតុផល​សុខភាព និង​សុខមាលភាព ទ្រុឌទ្រោម​របស់លោក​ស្រី ក៏ដូចជា ការអនុវត្ត​នីតិរដ្ឋ ប្រកបដោយ​យុត្តិធម៌ និង​សុភ​វិនិច្ឆ័យ​»​។​

​ប្រេសិត​ពិសេស​របស់ ប្រធាន​អាស៊ាន បានលើកឡើង​ថាៈ «​យើងទាំងអស់គ្នា មាន​ទស្សនៈ ដូចគ្នា​ថា ការផ្សះផ្សា​ជាតិ ដោយ​សន្តិវិធី មិនអាច​កើតឡើង​បានឡើយ នៅពេលដែល ភាគី​មួយ​នៃ​ជម្លោះ មិនត្រូវ​បា​នប​ញ្ជូ​ល ទៅក្នុង​សមីការ (equation) ដំណោះស្រាយ​» និង​បាន​គូសបញ្ជាក់ថាៈ «​អាស្រ័យហេតុនេះ សហសេវិក អាស៊ាន​ទាំងអស់ ជំរុញ​យ៉ាងខ្លាំង ឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ របស់​មី​យ៉ាន់​ម៉ា ចាប់ផ្តើម​ដំណើរការ ប្រកបដោយ​បរិ​យា​ប័ន្ន​នៃ ការផ្សះផ្សា​ជាតិ ដោយ​មិនមាន ការពន្យារពេល បន្ថែមទៀត​នោះឡើយ​»​។​

​លោក​ប្រេសិត​ពិសេស បាន​បន្ថែមថាៈ ដំណោះស្រាយ​នយោបាយ ដោយ​សន្តិវិធី ចំពោះ​ជម្លោះ​មួយ ទោះបី​ជាមាន​ភាពស្មុគស្មាញ យ៉ាងណាក៏ដោយ ត្រូវតែមាន​ការចែករំលែក លំហ​នយោបាយ ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​៕/V​-PC