​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មេដឹកនាំ​អង្គការ​ណា​តូ​នឹង​ជំរុញ​ឱ្យ​ប្រធានាធិបតី​តួ​ក​គី​លោក ថា​យ​យី​ប អឺ​ដូ​ហ្គាន (Tayyip Erdogan)​ដក​វេតូ​របស់​ខ្លួន​ជុំវិញ​ការសុំ​ចូល​រួម​របស់​ប្រទេស​​ហ្វាំង​ឡង់​និង​ស៊ុយអែត​ក្នុង​សម្ពន្ធភាព​យោធា​នេះ នៅ​ពេល​ពួកគេ​ជួប​គ្នា​សម្រាប់​កិច្ចប្រជុំ​កំពូល​រយៈពេល​បី​ថ្ងៃ​នៅ​ថ្ងៃ​អង្គារ​ទី​២៨​មិថុនា​ខណៈ​លោកខាងលិច​ព្យាយាម​បញ្ជូន​សញ្ញា​នៃ​ការ​តាំងចិត្ត​ខ្ពស់​​ដល់​រុស្ស៊ី​និង​ចិន​។​

​ធ្វើឡើង​ក្រោម​ស្រមោល​នៃ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែន ការជួបជុំ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​កើត​ឡើង​ក្នុង​គ្រា​ដ៏​សំខាន់​មួយ​សម្រាប់​ចំណង​ឆ្លង​មហាសមុទ្រ​អា​ត្លង់​ទិក​បន្ទាប់​ពី​បរាជ័យក្នុង​ប្រទេ​សអា​ហ្វ​ហ្គានី​​ស្ថាន​និង​ជម្លោះផ្ទៃក្នុង​ក្នុងសម័យ​អតីត​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​គំរាម​ដក​ទីក្រុង​វ៉ាស៊ីនតោន​ចេញពី​សម្ពន្ធមិត្ត​នុយក្លេអ៊ែរ​មួយ​នេះ​។

​ក្រុម​អ្នកការទូត​បាន​និយាយ​ថា​ការចរចា​ក្នុងចំណោម​អង្គការ​ដែល​តែងតែ​ប្រេះស្រាំ​នេះ​នៅតែ​កំពុង​ដំណើរការ​ប៉ុន្តែ​ពួក​មេដឹកនាំ​ក៏​សង្ឃឹម​ដែរ​ថា​នឹង​យល់ព្រម​ផ្តល់ជំនួយ​យោធា​បន្ថែម​ទៀត​ដល់​អ៊ុ​យក្រែន​ បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ ពង្រឹង​ការ​តាំងចិត្ត​ថ្មី​ដើម្បី​ដោះស្រាយ​ការកើនឡើង​យោធា​របស់​ចិន និង​ដាក់​កងទ័ព​បន្ថែមទៀត​ដើម្បី​ការពារ​តំបន់​បាល់​ទិក​។​

​អេ​ស្ប៉ាញ ដែល​ស្តេច​របស់ខ្លួន​នឹង​រៀបចំ​ពិធីជប់លៀង​សម្រាប់​ក្រុម​មេដឹកនាំ ក៏​កំពុង​ជំរុញ​ឱ្យ​អង្គការ​ណា​តូ​ផ្តោត​បន្ថែមទៀត​លើ​ផ្នែក​ខាងត្បូង​ផងដែរ ដើម្បី​ដោះស្រាយ​ការធ្វើ​ចំណាកស្រុក និង​ក្រុម​​សកម្មប្រយុទ្ធ​នៅក្នុង​តំបន់​សា​ហែល (Sahel)​នៃ​ទ្វីបអាហ្វ្រិក​។​

​មេដឹកនាំ​នៃ​ប្រទេស​អូស្ត្រាលី នូវែ​លសេ​ឡង់ ជប៉ុន និង​កូរ៉េខាងត្បូង ត្រូវ​គេ​រំពឹងថា​នឹងចូលរួម​ផ្នែក​ខ្លះ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ដែរ​ដែល​ជា​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​របស់​សហរដ្ឋអាម៉េរិក​សម្រា​ប់វ​ត្តមាន​​របស់​លោក​ខាងលិច​ខ្លាំង​ឡើង​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដើម្បី​ទប់ទល់​នឹង​ចិន​។​

​លោក ជែន ស្តូល​ធិន​បឺក (Jens Stoltenberg) អគ្គលេខាធិការ​អង្គការ​ណា​តូ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​កាលពី​សប្តាហ៍​មុន​ថា​”​យើង​នឹង​ធ្វើ​បន្ថែមទៀត​ដើម្បី​ធានា​ថា​យើង​អាច​ការពារ​​គ្រប់​អ៊ី​ញ​ទាំងអស់​នៃ​ទឹកដី​សម្ពន្ធមិត្ត​គ្រប់ពេលវេលា និង​ប្រឆាំង​រាល់​ការគំរាមកំហែង​ទាំងឡាយ​”​។​

​ទោះបីជា​មន្ត្រី​អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក​បាន​ណែនាំ​ប្រឆាំង​នឹង​សំណើ​របស់​តំបន់​បាល់​ទិក​សម្រាប់​កងកម្លាំង​ពហុ​ជាតិ​អចិន្ត្រៃយ៍​នៅក្នុង​តំបន់​ក៏ដោយ ក៏​ប៉ុន្តែ​កិច្ចប្រជុំ​កំពូល​នេះ​ទំនងជា​នឹង​ដោះ​​ស្រាយ​លើ​ការសម្របសម្រួល​នៃ​ការ​សន្យាថា​នឹង​មាន​ការពង្រឹង​កងទ័ព​យ៉ាង​ឆាប់រហ័ស​។​

​អាល្លឺម៉ង់​បាន​និយាយ​រួច​ហើយ​ថា​ខ្លួន​នឹង​ដាក់​កងទ័ព​បន្ថែមទៀត​ឱ្យ​ត្រៀមខ្លួន​ការពារ​ប្រទេស​លី​ទុយ​អា​នី​ប្រសិនបើ​រុស្ស៊ី​ចង់វាយ​ដណ្តើមយក​ទឹកដី​របស់​អង្គការ​ណា​តូ​ហើយ​ចក្រភព​អង់គ្លេស​ត្រូវ​គេ​រំពឹង​​ថា​នឹង​ធ្វើ​ដូច​គ្នា​សម្រាប់អេ​ស្តូ​នី ខណៈ​ឡេតូ​នី​កំពុង​សម្លឹង​មើល​កាណាដា​ដើម្បី​សន្យា​ឱ្យ​បញ្ជូន​កងទ័ព​បន្ថែម​ទៀត​ទៅ​ប្រទេស​ពួកគេ​៕

​អង្គការ​ណា​តូ​នឹង​ប្រជុំ​កំពូល​រយៈពេល​បី​ថ្ងៃ​នៅ​ថ្ងៃ​អង្គារ​ទី​២៨​មិថុនា​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​