ដោយៈ មុនីរ័ត្ន/ភ្នំពេញ : ក្រុមប្រឹក្សាធម្មនុញ្ញបានប្រារព្ធពិធីអបអរ សាទរទិវាខួបកំណើតគម្រប់ ២៤ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ និង ពិធីផ្ទេរតំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ ៣ ឆ្នាំ លើកទី៩ (២០២២-២០២៥) នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំអគារ ស វិមានរដ្ឋចំការមន ។
ជាលទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ៖ នៅក្នុងពិធីអបអរសាទរទិវាខួបកំណើតគម្រប់២៤ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានវាយតម្លៃថា ក្នុងរយៈពេល២៤ឆ្នាំ កន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបាននូវសមិទ្ធផលជាច្រើន អាស្រ័យដោយមានការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន និងសមាជិក សមាជិកា ក្នុងអាណត្តិនីមួយៗ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានរួមគ្នាលើកទិសដៅ និងអនុវត្តការងារ ដើម្បីសម្រេច សមត្ថកិច្ចដ៏ឧត្ដុង្គឧត្តមបំផុតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ . គឺធានាការពារការគោរពរដ្ឋធម្មនុញ្ញដែលជាមូលដ្ឋាន គ្រឹះសម្រាប់កាវកសាងនីតិរដ្ឋ។ ក្រុមប្រឹក្សាធម្មនុញ្ញបានបំពេញសមត្ថកិច្ចរបស់ខ្លួនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់ ជាធរមាន និងបានរួមចំណែកដោះស្រាយបញ្ហាធំៗរបស់ជាតិក្នុងនាមជាស្ថាប័នកំពូល ឯករាជ្យ និង អព្យាក្រឹត។
បន្ទាប់ពីពិធីអបអរសាទរទិវាខួបកំណើតគម្រប់ ២៤ ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ លោកប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលអបអរសាទរសមាជិកថ្មីចូល កាន់តំណែងចំនួន ៣ រូប រួមមាន លោក អ៊ុជ គឹមអន (ជ្រើសតាំងដោយរដ្ឋសភា លោក ឌុយ ធៅ (តែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម) និង លោក ស្រី ណូរី (តែងតាំងដោយព្រះមហាក្សត្រ) ជំនួសសមាជិក ៣ អង្គ/រូប ដែលត្រូវចប់អាណត្តិ រួមមានសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស លោក អ៊ុត ឈន និងលោក អ៊ឹម សួស្ដី៕.mara