​ប្រែ​សម្រួលៈ​បំណង (THE NATION/ASIA NEWS NETWORK/BangkokPost)៖ អ្នកជំនាញការ​ខាង​មេរោគ​កំពូល​របស់​ថៃ​លោក យ៉ុង ពូ​វ៉ូ​រ៉ា​វ៉ាន​(Yong Poovorawan)​បាន​និយាយ​កាលពី​ថ្ងៃ​​អាទិត្យ​ថា ចំនួន​ឆ្លងកូវី​ដ​១៩​ជាក់ស្តែង​នៅ​ថៃ​ខ្ពស់​ជាង​របាយការណ៍រ​បស់​ក្រសួង​សុខាភិបាល​ដល់​ទៅ​ដប់​ដង នៅ​ពេល​អ្នក​ឆ្លង​ភាគច្រើន​ចេញ​រោគសញ្ញា​ស្រាល​។​

លោក យ៉ុង ពូ​វ៉ូ​រ៉ា​វ៉ាន​

​ក្រសួង​សុខាភិបាល​ថៃ​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​២.៣៧៨​នាក់ និង​១៧​នាក់​ទៀត​ស្លាប់​ដោយកូវី​ដ​១៩​កាលពី​ថ្ងៃអាទិត្យ​។​

​លោក​វេជ្ជបណ្ឌិត យ៉ុង ក៏​បាន​ចង្អុលបង្ហាញ​ថា ចំនួន​កូនក្មេង​ឆ្លង​មេរោគ​នេះ​ឥឡូវ​កើនឡើង​ដោយសារ​តែ​បណ្តា​សាលារៀន​បើកទ្វារ​ឡើង​វិញ ដែល​នាំ​ដល់​ការចម្លង​ក្នុងចំណោម​សមាជិកគ្រួសារ ម្យ៉ាង​​កូនក្មេង​ពិបាក​ប្រាប់ថា​ខ្លួន​កើត​ផ្តាសាយ​ឬ​កូវី​ដ​១៩​។​

​លោក​បាន​និយាយថា​«​យើង​រំពឹងថា កូវី​ដ​១៩​ឆ្លង​រាលដាល​យ៉ាង​លឿន​ចាប់ពី​ខែ​នេះ​ទៅ​និង​ចំនួន​ឆ្លង​នឹង​ឡើង​ដល់​កំពូល​មុន​ធ្លាក់ចុះ​នៅ​ខែ​កក្កដា​និង​កញ្ញា​»​។​

​លោក​ក៏​បាន​និយាយទៀតថា ការ​ឆ្លងកូវី​ដ​១៩​នឹង​ចាប់ផ្តើម​ធ្លាក់ចុះ​រវាង​ខែតុលា​និង​ធ្នូ មុន​កើន​ឡើង​វិញ​នៅ​ខែ​មករា​ពេល​ដែល​ជំងឺ​ផ្លូវដង្ហើម​ធម្មតា​កើត​ច្រើន​។​

​ថៃ​រំពឹងថា​នឹងរង​ការវាយប្រហារ​ពី​វីរុស​បំប្លែង​ខ្លួន​ថ្មី គឺ​អូ​មី​ក្រុង​BA.4 និង BA.5 ដែល​មាន​កំរិត​ចម្លង​ខ្លាំង​

​ចំណែក​វេជ្ជបណ្ឌិត ប្រា​ស៊ីត វ៉ា​តា​ណា​ផា​(Prasit Watanapa)​សាស្ត្រាចារ្យ​នៅ​សាលា​ពេទ្យ​ស៊ី​រី​រ៉ា​ច​(Siriraj)​បាន​និយាយថា ចំនួន​អ្នកជំងឺ​ចូល​ពេទ្យ​កើនឡើង​ជាប់​តែ​ចំនួន​អ្នកជំងឺ​កូវី​ដ​ធ្ងន់ធ្ងរ​មិន​​កើនឡើង​គួរអោយកត់សំគាល់​ទេ​។​

​លោក​ថា អ្នកជំងឺ​ទាំងនេះ​ចូល​ព្យាបាល​ជំងឺ​រ៉ៃ​រ៉ៃ​ផ្សេងៗ​ទេ តែ​ការធ្វើតេ​ស្តិ៍​រក​ឃើញកូ​វីដ​១៩​តាម​ទម្លាប់​មុន​ព្យាបាល​ជំងឺ​ផ្សេងៗ​បាន​រកឃើញ​ថា​ពួកគេ​មួយចំនួន​ឆ្លងកូវី​ដ​។​នេះ​ជា​ការព្រួយបារម្ភ​មួយ​ដោយ​​សារ​តែ​វីរុស​អូ​មី​ក្រុង​បំប្លែង​ខ្លួន​ឬ​អូ​មី​ក្រុង​រង BA.4 និង BA.5 កំពុងចម្លង​ខ្លាំង​។​

​លោក​បាន​បន្ថែមថា នៅ​អឺរ៉ុប​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ​មួយ​ថ្ងៃ​ប្រមាណ​១០.០០០​នាក់ ។​ដោយសារ​បណ្តា​ប្រទេស​អឺរ៉ុប​ឈប់​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩ ចំនួន​ឆ្លង​ពិតប្រាកដ​ប្រចាំថ្ងៃ​នៅពេល​បច្ចុប្បន្ន​អាច​ខ្ពស់​​ជា​១០.០០០​នាក់​ឆ្ងាយ​។​ថៃ​បើកទ្វារ​ទទួល​ទេសចរ​បរទេស​ដោយ​ចំហ និង​ឥឡូវ​ទទួលបាន​ភ្ញៀវ​មួយថ្ងៃ​ប្រមាណ​១០.០០០​នាក់ ដូច្នេះ​លទ្ធភាព​ការឆ្លង​កើនឡើង​គឺ​ប្រាកដ​ណាស់​៕