​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​បាន​និយាយថា ផ្នែក​ខ្លះ​នៃ​កន្លែង​អង្គុយ​ធ្វើ​ពី​ឈើ​បាន​ដួលរលំ​ក្នុងអំឡុងពេល​ការប្រកួត​ជល់​គោ​នៅ​កណ្តាល​ប្រទេស​កូឡុំប៊ី​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មិថុនា ដោយ​ធ្វើឱ្យ​ធ្លាក់​អ្នកទស្សនា​មក​ដី និង​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​បួន​នាក់ និង​របួស​រាប់រយ​នាក់​។​

​គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​នៅក្នុង​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុង​អែលអេ​ស្ពីណា (El Espinal) ក្នុង​រដ្ឋ​តូ​លី​ម៉ា (Tolima) ក្នុងអំឡុង​ព្រឹត្តិការណ៍​ប្រពៃណី​មួយ ដែល​មានឈ្មោះ​ថា “​ខូ​រ៉ា​ឡេ​ចា​” (corraleja) ដែល​ក្នុងនោះ​សមាជិក​សាធារណៈ​ចូល​ទៅ​សង្វៀន​ដើម្បី​ទស្សនា​សត្វ​គោ​ប្រយុទ្ធ​គ្នា​។​

​វីដេអូ ដែល​ថត​បាន​ក្នុងអំឡុងពេល​គោ​ជល់​គ្នា បាន​បង្ហាញ​ពី​ផ្នែក​ជាច្រើន​នៃ​កន្លែង​អង្គុយ​ដួលរលំ ខណៈ​ហ្វូងមនុស្ស​នាំ​ស្រែក​ផ្អើល​។​

​អភិបាលរដ្ឋ​តូ​លី​ម៉ា លោក យ៉ូ​សេ រី​កាដូ អូរ៉ូ​ស​កូ (José Ricardo Orozco)​បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក Blu Radio​ថា “​យើង​បាន​បើក​ដំណើរការ​បណ្តាញ​មន្ទីរពេទ្យ​នៅ​រដ្ឋ​តូ​លី​ម៉ា​។ គិត​ត្រឹម​ម៉ោង​នេះ មនុស្ស​ស្លាប់​៤​នាក់ ក្នុងនោះ​មាន​ស្ត្រី​២​នាក់ បុរស​ម្នាក់ និង​អនីតិជន​ម្នាក់​”​។​

​ចំណែក​អភិបាលក្រុង បាន​និយាយថា អ្នកទស្សនា ៨០០ នាក់​បាន​អង្គុយ​នៅ​ផ្នែក​ដែល​ដួលរលំ​។​

​កាលពី​យប់​ថ្ងៃអាទិត្យ រដ្ឋមន្ត្រី​សុខាភិបាល​របស់​រដ្ឋ​តូ​លី​ម៉ា​លោក ម៉ា​ថា ផា​ឡា​សឺ​ស (Martha Palacios) បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា មនុស្ស​ចំនួន ៣២២​នាក់​ចូល​មន្ទីរ​​ពេទ្យ​សាធារណៈ​និង​ឯកជន​ក្នុង​តំបន់​បន្ទាប់ពី​ការដួលរលំ​កន្លែង​អង្គុយ​ដើម្បី​ស្វែងរក​ការព្យាបាល​។ លោក​ផា​ឡា​សឺ​ស​និយាយថា អនីតិជន ដែល​បាន​ស្លាប់​នោះ គឺជា​ទារក​អាយុ ១៨ ខែ​៕

​រូបភាព​ពីលើ​អាកាស​បង្ហាញ​កីឡដ្ឋាន​ឈើ​ដួលរលំ​នៅ​កូឡុំប៊ី​កាលពី​ថ្ងៃអាទិត្យ​