ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ​ រយ​:​ពេល​៣​ថ្ងៃ​ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្តកំពង់ឆ្នាំង​នៅតែ​បន្តធ្វើ​ការបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​រដូវ​បិទ​នេសាទ ។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​ដឹកនាំ​កម្លាំង​ដោយ​លោក អ៊ូ សោភ័ណ ដែលមាន​កម្លាំងចម្រុះ​ចំនួន ២៨ នាក់ និង​មធ្យោបាយ​ធ្វើ​សកម្មភាព​កាណូត​តូចធំ​ចំនួន ៦​គ្រឿង ។​

​បើ​យោងតាម​របាយ​ការ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា​នៅក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេ​សា​ទាង​លើ​នេះ ធ្វើឡើង​នៅក្នុង​ចំណុច កោះ​ខែ កោះ​តា​ម៉ូ​វ ក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បានធ្វើ​ការរុះរើ និង​បំផ្លាញចោលរ​បាំងសាច់​អួន​ចំនួន ៣ កន្លែង​ដែលមាន​ប្រវែង ៣០០​ម៉ែត្រ​បង្គោល​ចំនួន ៣០០ ដើម និង​បាន​ចាក់​លែង​កូន​ត្រី​ល្អិត​ចូលទៅក្នុង ទន្លេ​វិញ​ផងដែរ ។​

​កន្លងទៅនេះ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​លោក ងិន ហ៊ុន ធ្លាប់បាន​អំពាវនាវ​ម្ត​ហើយ​ម្តងទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ​នេសាទ​សូមមេត្តា​ឈប់​ធ្វើការ​នេសាទ​ឧបករណ៍​នេសាទ​គ្រប់​ប្រភេទ​ដែល​ច្បាប់​ហាមឃាត់​នៅក្នុង​រដូវ​ទឹកទន្លេ​ឡើង​ហើយក៏​ជា​រដូវ​ត្រី​ពង​កូន​ផងដែរ​។​

​ដោយ​ក្នុងនោះ​បញ្ឈប់​ការកាប់​រុករាន​ទន្ទ្រានព្រៃ​លិច​ទឹក​ដើម្បី​យក​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ហើយ​សូម​បងប្អូន​ចូលរួម​ការពារ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​ត្រី​ពង​កូន​និង​ជា​ជម្រក​របស់​ថនិកសត្វ​គ្រប់​ប្រភេទ​ដែល​រស់នៅ​ពង​កូន​ក្នុង​តំបន់​ព្រៃ​លិច​ទឹក ផងដែរ ៕​