​ដោយ​: ចាន់តូ​-​អង្គា​រ៍​ហេង​/​ភ្នំពេញ​: ជនសង្ស័យ ម្នាក់​ក្នុងចំណោម​បក្សពួក​២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១:៣០​នាទី​យប់​រំលង​អាធា​ត្រ​ចូល ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បន្ទាប់ពី​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្មភាព​លួច​ដោះ​ស្លាក​លេខ​រថយន្ត​នៅពេល​យប់​។​

​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បានឱ្យដឹងថា​ជនសង្ស័យ​រូបនោះ ឈ្មោះ ជៀប សាវឿន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ជននេះ​រួមទាំង​បក្សពួក ម្នាក់ទៀត ឈ្មោះ យុទ្ធ អាយុ ប្រមាណ​៣៩​ឆ្នាំ បាន​ជិះ​ម៉ូតូ ធ្វើ​សកម្មភាព​លួច ដោះ​ស្លាក​លេខ រថយន្ត ម៉ាក​ហាយ​ឡេ​ន​ឌ័​រ​មួយគ្រឿង ដែល​ម្ចាស់​ទុក​នៅ​ចំហៀង​ផ្ទះ នៅក្នុង​ភូមិ ខ្ទរ សង្កាត់​ព្រែកលៀប​។ នៅ​យប់នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍ ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ប្រទះឃើញ ស្ទាក់ចាប់ បាន​ម្នាក់ ចំណែក ម្នាក់ទៀត​បានគេច​ខ្លួន​បាត់​។​

​បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង រួមមាន​៖​ស្លាក​លេខ រថយន្ត ភ្នំពេញ ២AJ ៥៤០០ ចំនួន​ពីរ​, ទូរស័ព្ទដៃ​មួយគ្រឿង​, កូនសោរ​ម៉ូតូ ចំនួន​បួន​, សម្ភារៈ​សម្រាប់​ដោះ​ស្លាក​លេខ រថយន្ត​មួយចំនួនទៀត​។​

​ជនសង្ស័យ រួមទាំង វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​ទៅកាន់​អធិការដ្ឋាន នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​៕​