ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រុស្ស៊ីទំនងជាមិនមានលទ្ធភាពសងបំណុលជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ នៅពេលម្ចាស់មូលបត្រខ្លះបាននិយាយថា ពួកគេមិនបានទទួលការប្រាក់ដែលរដ្ឋត្រូវបង់អោយខ្លួន ខណៈដែលឥឡូវនៅកាលពីថ្ងៃចន្ទទី២៧មិថុនាវាហួសកាលកំណត់ត្រូវបង់មួយថ្ងៃ។
រុស្ស៊ីកំពុងខិតខំយ៉ាងត្រដាបត្រដួសដើម្បីសងមូលបត្រចំនួន៤០ពាន់លានដុល្លាររបស់ខ្លួន ចាប់តាំងពីខ្លួនបើកប្រតិបត្តិការសឹកចូលអ៊ុយក្រែនកាលពីថ្ងៃ២៤មិថុនា ខណៈការដាក់ទណ្ឌកម្មទូទៅនាំអោយប្រទេសនេះកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល និងរារាំងមិនអោយវិនិយោគិនជាច្រើនប្រើប្រាស់ទ្រព្យធនរុស្ស៊ី។
រដ្ឋាភិបាលវិមានក្រឹមឡាំងបាននិយាយម្តងហើយម្តងទៀតថា គ្មានហេតុផលដែលរុស្ស៊ីមិនមានលទ្ធភាពសងបំណុលទេ តែពេលនេះខ្លួនមិនអាចបញ្ជូនលុយទៅកាន់ម្ចាស់បំណុលដោយសារតែទណ្ឌកម្ម។រដ្ឋាភិបាលទីក្រុងមូស្គូចោទប្រកាន់លោកខាងលិចថា កំពុងព្យាយាមរុញខ្លួនអោយធ្លាក់ចូលក្នុងស្ថានភាពមិនអាចសងបំណុលបានបែបសិប្បនិម្មិត។
កិច្ចខិតខំរបស់រុស្ស៊ីដើម្បីជៀសវាងអ្វីដែលអាចជាការមិនអាចសងបំណុលបរទេសជាលើកដំបូងចាប់តាំងពីបដិវត្តន៍បុលសេវិក(Bolshevik)កាលពីជាងមួយសតវត្សរ៍មុនមិនបានជោគជ័យទេកាលពីចុងខែឧសភានៅពេលការិយាល័យទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារអាម៉េរិកបិទខ្ទប់រដ្ឋាភិបាលទីក្រុងមូស្គូមិនអោយធ្វើការទូទាត់សងបាន។
តាមពិត ការមិនមានលទ្ធភាពសងបំណុលវាគ្រាន់តែធ្វើអោយរុស្ស៊ីមិនអាចខ្ចីប្រាក់ជាអន្តរជាតិនៅពេលនេះ និងវាក៏មិនសំខាន់ដែរព្រោះរដ្ឋាភិបាលទីក្រុងមូស្គូមានចំណូលដ៏ក្រាស់ក្រែលពីប្រេងនិងហ្គាស។
ក្រសួងហិរញ្ញវត្ថុរុស្ស៊ីបាននិយាយថា ខ្លួនបានសងម្ចាស់បំណុលរួចរាល់អស់ហើយជាប្រាក់អឺរ៉ូនិងដុល្លារ តែប្រភពព័ត៌មានបាននិយាយថា ម្ចាស់មូលបត្រខ្លះមិនបានទទួលប្រាក់ទេកាលពីថ្ងៃចន្ទ៕