ដោយៈសុផល/ភ្នំពេញ ៖សហព័ន្ធ​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជា (Cambodia Wheelchair Basketball Federation_CWBF) បាន​បើក​កិច្ចប្រជុំ​ដំបូង​របស់ខ្លួន ព្រមទាំង​បង្ហាញ​ក្រុម​កីឡាករ​បាល់បោះ​រទេះរុញ​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ (ASEAN ParaGame 2023) ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​។​

​ពិធី​នេះ បានរៀបចំ​ប្រព្រឹត្តិ​ទៅ​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ដោយមាន​ការចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ​ជិត ២០០​នាក់ រួមមាន​សមាជិក​រាជ​រដ្ឋាភិបាល តំណាង​ក្រសួង​/​ស្ថាប័ន តំណាង​មកពី​សភាពាណិជ្ជកម្ម​ក្រៅប្រទេស​ប្រចាំ​កម្ពុជា ម្ចាស់​អាជីវកម្ម​ក្នុងស្រុក និង​អង្គការ​សង្គម​ស៊ីវិល​ដទៃទៀត​។​

​ក្នុងឱកាស​នោះ សហព័ន្ធ​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជា បានបង្ហាញ​ពី​ការផ្លាស់ប្តូរ​ដ៏​អស្ចារ្យ និង​ក្រុម​អត្ត​ព​លិ​ក​បាល់បោះ​រទេះ​ជនពិការ​កម្ពុជា ពោរពេញ​ដោយ​សមត្ថភាព​និង​ជំនាញ ដែល​កំពុង​ទទួល​ការហ្វឹកហាត់​លំដាប់ថ្នាក់​ពិភពលោក​ជាពិសេស និង​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​គ្រប់លំដាប់​ថ្នាក់ និង​ក្រុម​គ្រូបង្វឹក​មកពី Team USA Basketball Gold សហរដ្ឋអាមេរិក ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី មូលនិធិ​សប្បុរសធម៌​របស់​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប​។ ក្រុម​អត្ត​ព​លិ​ក​បាល់បោះ​រទេះ​ជនពិការ​កម្ពុជា មាន​ឆន្ទៈ និង​ជំនឿ​យ៉ាង​មុតមាំ​ក្នុងការ​ដណ្តើម​ជើងឯក និង​ពានរង្វាន់​ដទៃទៀត ជូន​ជាតិ​មាតុភូមិ​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន(​អាជ្ញាធរ​មីន​)បាន​ត្រូវ​តែងតាំង​ជា​ប្រធាន ​សហព័ន្ធ​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជា ស្របទៅនឹង​ការទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​វិស័យ​សកម្មភាព​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​នៅ​កម្ពុជា ដែល​ការតែង តាំង​នេះ ពិតជា​សក្តិសម និង​មានគុណ​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ព្រោះតែ​អត្ត​ព​លិ​ក​ជាច្រើន​ទាំង​ក្រុម​បុរស និង​ក្រុម​នារី គឺជា​អ្នក​រស់រានមានជីវិត​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​មានប្រសាសន៍ថា​“​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​កីឡាបាល់បោះ រទេះ​ជនពិការ​កម្ពុជា ស្នើសុំ​ឲ្យ​រូបខ្ញុំ​ដឹកនាំ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​រទេះ​ជនពិកា​រ​កម្ពុជា ក្នុង​គោលដៅ​ជួយ​អភិវឌ្ឍ និង​លើកកម្ពស់​វិស័យ​កីឡា​ជនពិការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​ពិតជា​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការលះបង់ ការខិតខំ​ប្រឹងប្រែង និង​ឆន្ទៈ​ដ៏​មុះ​មុត​របស់​បងប្អូន​មាន​ពិការភាព ដែល​បា​នស​ម្រ​ច​ចិត្ត​ចូលរួម​លើកស្ទួយ​ដល់​វិស័យ​កីឡា​ជាតិ ព្រមទាំង​ឈរ​ជា​បង្គោល​យ៉ាងរឹងមាំ​ក្នុងការ​ចូលរួម​កសាង​សង្គមជាតិ សង្គម​គ្រួសារ និង​ការអភិវឌ្ឍ​ប្រទេសជាតិ ដូច​អ្វីដែល​ខ្ញុំ​តែងតែ​ផ្តល់​តម្លៃ និង​ចាត់ទុកថា ពិការភាព មិនមែន​អសមត្ថភាព​”​។​

​ព្រី​ន ហូល​ឌី​ង គ្រុប ក្រោម​ការដឹកនាំ​របស់​ប្រធាន ចេ​ន ហ្ស៊ី មានការ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការអភិវឌ្ឍន៍​ធនធានមនុស្ស ដើម្បី​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។​លោក Gabriel Tan ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប មានប្រសាសន៍ថា “​កាលពីមុន យើង​បាន​ចូលរួមចំណែក​ជាច្រើនដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កីឡា​ក្នុងស្រុកដូចជា​បាល់ទះនិង​បាល់ទាត់ជាដើម​។ នេះ​ជាការ​ចូលរួម​លើកដំបូង​របស់​យើង​ក្នុងការ​ផ្តល់​សិទ្ធិអំណាច​ដល់​ជនពិការ​»​។​

លោក​បាន​បន្ថែមទៀតថា យើង​ពិត​មាន​កិត្តិយស​ក្នុងការ​ចូលរួម​ក្នុងការ​លើកកម្ពស់​កិច្ចការ​សង្គម តាមរយៈ​ការរៀបចំ​ការបង្ហាញ​ក្រុមកីឡា​បាល់បោះ​រទេះ​ជនពិកា​រ​កម្ពុជា​ចូលក្នុង​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គែ​ម​លើក​ទី​១២ ឆ្នាំ​២០២៣»​។​

​លោក Michael Tuon ដែលជា​គ្រូបង្វឹក​ខ្មែរ​-​អាមេរិក​បានទទួល​វិញ្ញាបនបត្រ​ទទួលស្គាល់​ពី​ក្រុម Team USA Basketball Gold និង​គ្រូបង្វឹក​ដែលមាន​វិញ្ញាបនបត្រ​ពី​សមាគម​បាល់បោះ​រទេះរុញ​ជាតិ (NWBA) បាន​ទទួលស្គាល់ថា​ការចូលរួម​នេះ​គឺ​នឹង​ក្លាយជា​ដំណើរ​ដ៏​រំភើប​មួយ ខណៈដែល​លោក​ជា​អ្នកដឹកនាំ​ការហ្វឹកហាត់​បាល់បោះ​រទេះ​រុញ​កម្ពុជា​នេះ​។ លោក Michael បាន​មានប្រសាសន៍ថា “​ជនរួមជាតិ​អត្ត​ព​លិ​ក​រទេះរុញ​ជាច្រើន​នាក់ បាន​ជម្នះ​ឧបសគ្គ​នៃ​ការមិន​អនុញ្ញាតឱ្យ​ពិការភាព​របស់​ពួកគេ បញ្ឈប់​ក្តី​សុបិន​របស់​ពួកគេ​ឡើយ​។ ខ្ញុំ​ជឿជាក់ថា​វិធីសាស្ត្រ «​រថភ្លើង​ដើម្បី​ឈ្នះ​» នេះ​ត្រូវ​បានអនុម័ត​ពី​ការអភិវឌ្ឍ​អត្ត​ព​លិ​ក​រយៈពេល​វែង – LTAD នឹង​បង្កើត​រចនាសម្ព័ន្ធ​ហ្វឹកហ្វឺន​ដ៏​ល្អ​បំផុត​សម្រាប់​ភាពជោគជ័យ​របស់​យើង​”​។​

​នៅពេលដែល​អត្ត​ព​លិ​ក​លេង​កីឡា​នៅ​ឆ្នាំក្រោយ ពួកគេ​ទាំងអស់គ្នា​នឹង​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ខៀវ ក្រហម និង​ស ដែល​រចនា​ថ្មីស្រឡាង បង្ហាញ​អំពី​ពណ៌​តំណាង​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ផ្នត់គំនិត​ជាតិ​ថ្មី ដែល​រួមបញ្ចូល​និមិត្តសញ្ញា​វប្បធម៌​របស់​ប្រទេស​កម្ពុជា ដូចជា​ផ្ការំដួល និង​ប្រាសាទអង្គរវត្ត​៕Ph