ដោយៈ ប.ខុន/ភ្នំពេញ: ទឹកបឹងទន្លេសាបបានស្រកចុះបន្តិចទៅវិញបន្ទាប់ពីបានងើបឡើងដល់កម្រិត២,១៤ម៉ែត្រកាលពីថ្ងៃទី១៧ខែមិថុនា ក្នុងពេលទឹកទន្លេមេគង្គបានងើបឡើងដល់កម្រិត៣,៨៦ម៉ែត្រ។ កាលពីថ្ងៃទី៧ខែមិថុនា ហើយគេរំពឹងថាទឹកទន្លេនេះវានឹងហក់ឡើងមកវិញនៅដើមខែកក្កដាខាងមុខ។
លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធឬទន្លេសាបនិងជាមន្ត្រីរបបជលសាស្ត្រនៃក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៧ខែមិថុនាឆ្នាំ ២០២២ថា ទឹកបឹងទន្លេសាបដែលបានងើបឡើងលឿននៅដើមរដូវវស្សាកន្លងទៅនោះ ប៉ុន្មានថ្ងៃនេះបានស្រកចុះបន្តិចទៅវិញតែវាមិនបានហូរចេញពីបឹងទន្លេសាបនោះទេ គឺវាស្រកដោយសារការហូរចូលទៅកាន់បឹងនិងព្រែកនៅតាមដងទន្លេសាប ខណៈពេលទឹកទន្លេមេគង្គបានស្រកទៅវិញនៅគ្រប់ស្ថានីយដែរនោះរួចមក។
លោក ម៉ៅ ហាក់ បាននិយាយដោយរំពឹងថានៅដើមខែកក្កដាខាងមុខនេះ ទឹកទន្លេមេគង្គនឹងចាប់ផ្តើមងើបឡើងមកវិញក្រោយពីឃើញមានសញ្ញាភ្លៀងធ្លាក់ច្រើននៅតំបន់អាង ទន្លេមេគង្គលើនៅប៉ុន្មានថ្ងៃខាងមុខ ដោយសារបាតុភូតកើតមាននៅក្នុងសមុទ្រចិនខាងត្បូង។ ទឹកបឹងទន្លេសាបក៏នឹងងើបឡើងបន្តទៀតនៅពេលទឹកទន្លេមេគង្គ ចាប់ផ្តើមហក់ឡើងលើកទី១នៅក្នុងខែកក្កដានោះ។
ទឹកបឹងទន្លេសាបនៅស្ថានីយជលសាស្ត្រក្រគរ កំពង់ហ្លួងថ្ងៃទី២៧ខែមិថុនាបានស្រកមកនៅត្រឹមកម្ពស់២,០៧ម៉ែត្រ បន្ទាប់ពីបានឡើងដល់កម្រិតកម្ពស់២,១៤ម៉ែត្រ កាលពីថ្ងៃទី១៧ខែមិថុនា។ ឯទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រទន្លេបាសាក់ចតុមុខបានស្រកមកនៅត្រឹមកម្ពស់៣,៣៤ម៉ែត្រ បន្ទាប់ពីបានឡើងដល់កម្ពស់៣,៨៧កាលពីថ្ងៃទី៧ខែមិថុនា។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី២៣ខែឧសភាបានជូនដមណឹងស្តីពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ប្រចាំឆ្នាំ២០២២ថាទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រទន្លេ បាសាក់ចតុមុខ អាចនឹងឡើងដល់កម្ពស់៩,៦៥ម៉ែត្រចាត់ទុកជា ប្រភេទជំនន់មធ្យម៕សរន