ប្រែសម្រួល : កញ្ញាដាលីស (ហ្គីនណេស) ៖ នៅចុងខែឧសភា ឆ្នាំ ២០២២ ការយកចិត្តទុកដាក់ទូទាំងពិភពលោកបានផ្តោតលើ ដ័រ បាហាឌួ ខាប៉ានហ្គី (Dor Bahadur Khapangi) មកពីនេប៉ាល់ ដែលជាក្មេងប្រុសជំទង់ទាបបំផុតលើពិភពលោក។

ដ័រ បាហាឌួ ​អាយុ ១៧ ឆ្នាំ​ត្រូវ​បាន​បង្ហាញជាមួយ​វិញ្ញាបនបត្រឯតទគ្គកម្មពិភពលោកហ្គីនណេស (Guinness World Records) ​ដោយ​នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​ទេសចរណ៍​នេប៉ាល់​លោក ដាណានចាយ រេកមី (Dhananjay Regmi) ក្នុង​ពិធី​មួយ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​រដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu)ប្រទេស​នេប៉ាល់។

កើតនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០០៤ ក្មេងជំទង់បំបែកឯតទគ្គកម្មរូបនេះគឺជាកូនប្រុសពៅរបស់កសិករពីរនាក់ ហើយរស់នៅក្នុងស្រុកស៊ីនឌូលី (Sindhuli) ស្ថិតនៅចម្ងាយ ១៣០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃរដ្ឋធានី។

ដ័រ បាហាឌួ រស់នៅជាមួយឪពុកម្តាយ និងបងប្អូនបង្កើតរបស់គេ ដែលសុទ្ធតែមានកម្ពស់មធ្យមធម្មតា ដែលជួយរូបគេក្នុងសកម្មភាពប្រចាំថ្ងៃ។

ក្មេងជំទង់នេះត្រូវបានបញ្ជាក់ថាមានកម្ពស់ ៧៣,៤៣ សង់ទីម៉ែត្រនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២។

បងប្រុសរបស់គេឈ្មោះថា ណារ៉ា បាហាឌួ (Nara Bahadur) បានរំលឹកថា កម្ពស់របស់ដ័រ បាហាឌួ គឺដូចកូនក្មេងដទៃទៀតដែរក្នុងប៉ុន្មានឆ្នាំដំបូងនៃជីវិតរបស់គេ។

ទោះយ៉ាងណា រូបគេឈប់លូតកម្ពស់បន្ទាប់ពីខួបកំណើតគម្រប់ប្រាំឆ្នាំ៕

ដ័រ បាហាឌួ មានកម្ពស់ត្រឹមតែ ៧៣,៤៣ សង់ទីម៉ែត្រ ត្រូវបាន​ប្រគល់​វិញ្ញាបនបត្រឯតទគ្គកម្មពិភពលោកហ្គីនណេស