ដោយៈ ​សុផល / ភ្នំពេញ​: ក្នុងជំនួប​ជាមួយ​គណៈ​គ្រប់គ្រង បុគ្គលិក គ្រូឧទ្ទេស និស្សិត និង​គរុ​និស្សិត នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ លោក ហ៊ុន ម៉ា​នី បានកត់សម្គាល់ និង​ចែករំលែក ពី​គោល​គំនិត ទាក់ទង​នឹង​ស្ថានភាព និង​សារៈសំខាន់ នៃ​វិស័យ​អប់រំ ក្នុង​ក្របខណ្ឌ​កម្ពុជា និង​សកលលោក ព្រមទាំង​បាន​គូសបញ្ជាក់​ពី​គុណ​តម្លៃ នៃ​អាជីព​គ្រូបង្រៀន ដែលមាន​ការលះបង់​ធំ​ធេង នូវ​ប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​ប្រយោជន៍ សង្គម​។

​ទន្ទឹមនឹង​ការលើកឡើង​ខាងលើ លោក​ប្រធាន​គណៈកម្មការ បាន​យក​ឱកាស នៃ​ជំនួប​នេះ ថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ ទាំងអស់ ដែល​បាន​ព្យាយាម ប្រើ​គ្រប់​មធ្យោបាយ បត់បែន ផ្លាស់ប្តូរ​ទម្លាប់ ដើម្បី​ធានា​ប្រសិទ្ធភាព​ការបង្រៀន និង​ការខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​បច្ចេកវិទ្យា ដើម្បី​អាច​បង្រៀន សិស្សានុសិស្ស តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ក្នុង​បរិបទ​នៃ​ការរីក​រាល​នៃ​ជំងឺ កូ​វីដ​-១៩​។ ជាមួយគ្នានេះ លោក​ក៏បាន​រំលេច​ពី​ការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល ចំពោះ​វិស័យ​អប់រំ តាមរយៈ​គោលនយោបាយ​ជាតិ​នានា ជា​បន្តបន្ទាប់ ។

​ពិធី​សំណេះសំណាល បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ជាមួយនឹង​ការ​ផ្តោះផ្តង នូវ​មតិយោបល់ ក្នុង​វេទិកា​សំណួរ និង​ចម្លើយ រវាង​លោក​ប្រធាន​គណៈកម្មការ និង​បុគ្គលិក គ្រូឧទ្ទេស និស្សិត និង​គរុ​និស្សិត​។ វេទិកា​នេះ បានអនុញ្ញាត​ឱ្យ​គណៈកម្មការ​ទី​៧ ស្វែងយល់ និង​ក្តាប់បាន កាន់តែច្បាស់​ពី​ឱកាស និង​បញ្ហា​មួយចំនួន ដែលជា​ក្តីកង្វល់​ក្នុង​វិស័យ​អប់រំ​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក ហ៊ុន ម៉ា​នី ក៏បាន​ជំរុញ​លើកទឹកចិត្ត ដល់​គរុ​និស្សិត ឱ្យ​បន្ត​រក្សា​ស្មារតី​លះបង់​ដ៏​ឧ​ត្ត​មរ​បស់ លោកគ្រូ អ្នកគ្រូ​គ្រប់​ជំនាន់ តាមរយៈ​ការបំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន ក្នុងនាម​ជា មន្ត្រីរាជការ ដោយ​យកចិត្តទុកដាក់ គ្រប់​កាលៈទេសៈ ទោះ​បរិបទ​ណា ឬ​នៅ​ទីជិត​ឆ្ងាយ ឬ​នៅ​ជនបទ​ដាច់ស្រយាល​ក៏ដោយ ដើម្បី​អនាគត សិស្សានុសិស្ស គ្រប់រូប សហគមន៍ និង​សង្គមជាតិ​កម្ពុជា​៕/V​