ដោយៈ ភ្នំ​សន្ទុក​/ កំពង់ធំៈ នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ នេះ លោក តិ​ប ញាតា នាយ​អធិការ​ខាងជើង​បឹង​ទន្លេសាប លោក​ឡង់ គី​សឹង អភិបាលស្រុក​សន្ទុក បាន​ដឹកនាំ​កម្លាំង ចម្រុះ ដើម្បី​បង្ក្រាប​ជន​ទុច្ចរិត​មួយក្រុម កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​កូនឈើ គ្រញូង ធ្នង់ បេង អស់​ជាង ២០០ ដើម ដើម្បី​យក​ដី ចំនួន ២៣ ហិកតា នៅ​ចំណុច​ឡូត៍​អចិន្ត្រៃយ៍ វិទ្យាស្ថាន​ស្រាវជ្រាវ​ព្រៃឈើ និង​សត្វព្រៃ កម្ពុជា ជប៉ុន ស្ថិតនៅ​ភូមិ​-​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​លោក តិ​ប ញាតា នាយ​អធិការ​ខាងជើង​បឹង​ទន្លេសាប បានឱ្យដឹងថាៈ ក្រុម​ទុច្ចរិត​ទាំងអស់នេះ បានធ្វើ​សកម្មភាព​លួចលាក់​បន្តិច​ម្តង ចន្លោះ​ថ្ងៃទី​៤ ដល់ ៥ ខែមិថុនា ពេល​សមត្ថកិច្ច​ជំនាញ មកដល់ បាន​រត់គេច​តែម្តង រហូតដល់​ថ្ងៃទី​២៥ ដល់ ២៦ ខែមិថុនា ក្រុម​ទុច្ចរិត បានធ្វើ​សកម្មភាព​ខ្លាំង រហូត​ខាង​ជំនាញ​យើង ចូលទៅ​ឃាត់ ក្រុម​ទុច្ចរិត​ទាំងអស់នោះ បានគ​ម្រាម​សមត្ថកិច្ច ដោយ​ពួកគាត់ មានកាំបិត កាំភ្លើង​ខ្យល់ ជាដើម ហើយ​មួយក្រុម​នោះ មាន​គ្នីគ្នា​ប្រហែលជា ២០ នាក់​ឯណោះ ។ ក្រុម​ទុ​ច្ចត​រិត​ទាំងអស់នោះ បាន​បំផ្លាញ​កូនឈើ ដូចជា កូនឈើ​ធ្នង់ កូនឈើ​បេង កូនឈើ​គ្រញូង ជាង ២០០ ដើម ។​

​លោក តិ​ប ញាតា នាយ​អធិការ​ខាងជើង​បឹង​ទន្លេសាប បាន​បន្តថាៈ ជាក់ស្តែង ព្រឹក​នេះ លោក​បាន​ដឹកនាំ​កម្លាំង ចុះមក​បង្ក្រាប និង​បាន​បំផ្លាញ​ទីតាំង​ក្រុម​ទុច្ចរិត មានដូចជា រោង​តូច​ជាច្រើន និង​សំភារៈ​មួយចំនួន ។​

​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ធំ បាន​ប្រាប់​ឱ្យដឹងថាៈ បញ្ហា​ខាងលើ នេះ មន្ត្រី​ជំនាញ បានធ្វើការ​ឃាត់ខ្លួន​ជនល្មើស​បាន​ម្នាក់ និង​កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត និង​ធ្វើការ​សាកសួរ​ព័ត៌មាន​បន្ថែមទៀត ដើម្បី​ប្រមាញ់​រក​ជនល្មើស​ផ្សេងៗ​ទៀត ។​

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បាន​អំពាវ​នាដ​ល់​ប្រជាពលរដ្ឋ​គ្រប់រូប បញ្ឈប់​ការកាប់ ទន្ទ្រាន​ព្រៃឈើ យើង​ត្រូវ​រួមគ្នា​ថែរក្សា​បរិស្ថាន​ទាំងអស់ និង​រក្សា​កូនឈើ​ចម្រុះ ក៏ដូចជា ជីវចម្រុះ​ដែលមាន​ស្រាប់​។ ហើយ​ក្រុម​ទុច្ចរិត​ទាំងអស់​ខាងលើ សមត្ថកិច្ច​យើង បាន​ស្រាវជ្រាវ ចាប់យក​ផ្តន្ទាទោស តាម​នីតិ​ធី​ច្បាប់ ជា​ធរមាន ។​

​ទន្ទឹម​នោះដែរ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បានឱ្យដឹងថាៈ ការកាប់បំផ្លាញ​ព្រៃឈើ សម្បត្តិ​សាធារណៈ​របស់​រដ្ឋ គឺមាន​ទោស​ធ្ងន់​ណាស់ និង​មិនឱ្យ​រួចខ្លួន​ទេ ។​

​យោងតាម​ប្រភពព័ត៌មាន បានឱ្យដឹងថា មាន​បុគ្គល​ឈ្មោះ សោម សុវណ្ណ​រិ​ទ្ធ ជា​មេខ្លោង បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​កំពូល និង​អួតមាន​តួនាទី​ជា​ជំនួយការ​ថ្នាក់ដឹកនាំ​កំពូល​ផងដែរ ។​
​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ សមត្ថកិច្ច​ជំនាញ បាន​បំផ្លាញ​ទីតាំង​ជាក់ស្តែង និង​កាំបិត កាំភ្លើង​ខ្យល់ និង​ឃាត់ខ្លួន​មនុស្ស​ម្នាក់ ឈ្មោះ អែម ជ្រុ​យ ៕/V​