​ដោយ​៖​ដេប៉ូ / ភ្នំពេញ​៖ កម្ពុជា យក​អាទិភាព​នៃ​ការអភិវឌ្ឍ រួមមាន​ដូចជា ការអភិវឌ្ឍ ធនធានមនុស្ស ប្រកបដោយ​វិជ្ជាជីវៈ ការជំរុញ​កម្លាំង​ពលកម្ម ដែលមាន​ជំនាញ​ច្បាស់លាស់ ការលើកកម្ពស់​ប្រសិទ្ធភាព​ធនធាន និង​លើកស្ទួយ​សមត្ថភាព ប្រកួតប្រជែង​របស់​ក​ម្ពុ​ជា នៅក្នុង​តំបន់ និង​សកល​។​

​នេះ​ជាការ​ថ្លែង​របស់លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្នុងពេល​លោក​អនុញ្ញាត ឱ្យ​លោកស្រី Karolien Casaer-Diez តំណាង GGGI ប្រចាំ​កម្ពុជា ចូលជួប ដើម្បី​ថ្លែងអំណរគុណ និង​ជម្រាបលា ក្រោយ​បានបញ្ចប់​អាណត្តិ​ការងារ រយៈពេល ៤ ឆ្នាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២​។​

​ក្នុង​ពិធី​នេះដែរ លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់ លើ​កិច្ចសហការ នាពេល​កន្លងមក លើ​វិស័យ​ការរៀបចំ​ក្រុង ទីប្រជុំជន ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ការអភិវឌ្ឍ​បៃតង នៅ​កម្ពុជា​។ ទន្ទឹមនឹងនោះ លោក​រដ្ឋមន្ត្រី បានលើកឡើង​ពី​ការរីកចម្រើន​ជីវភាព​របស់​ប្រជាជន និង​ភាពចាំបាច់ នៅក្នុង​ការពង្រឹង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ការកំណត់​ព្រំប្រទល់ ឧទ្យាន​ជាតិ ការចុះបញ្ជី​ដី​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ការពង្រីក​ហេ​ដ្ឋា រចនាសម្ព័ន្ធ​គាំទ្រ សម្រាប់​ជំរុញ​មុខងារ​ប្រតិបត្តិ សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។

​លោកស្រី Karolien Casaer-Diez បាន​ថ្លែងអំណរគុណ លោក​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ក្រុមការងារ និង​មន្ត្រី​ក្រសួងបរិស្ថាន​ទាំងអស់ បាន​ចូលរួម​សហការ និង​ការជំរុញ​ការអភិវឌ្ឍ បៃតង​នៅ​កម្ពុជា ឱ្យសម្រេចបាន​សមិទ្ធផល​សំខាន់ៗ នាពេល​កន្លងមក និង​បានលើកឡើង ពី​ការប្តេជ្ញាចិត្ត​របស់ GGGI ក្នុង​ការបន្ត​គាំទ្រ ដើម្បី​រួមចំណែក​សម្រេចបាន​ចក្ខុវិស័យ​របស់ ក្រសួងបរិស្ថាន​។​

​គួរ​បញ្ជាក់ថា តំណាង​ថ្មី​របស់ GGGI ប្រចាំ​កម្ពុជា នឹង​មក​បំពេញការងារ នៅ​កម្ពុជា បន្ត​ពាក់កណ្តាល ខែសីហា ឆ្នាំ​២០២២៕/V