ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ស្វា​ព្រាម មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Indochinese Silvered Langur និង​មានឈ្មោះ តាម​វិទ្យាសាស្ត្រ​ថា Trachypithecus germaini ។​

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ សត្វ​ស្វា​ព្រាម មាន​ក្បាល ដងខ្លួន និង​ផ្នែក​កន្ទុយ​របស់​ស្វា​ព្រាម មាន​ពណ៌​ខ្មៅ​ប្រផេះ ពាសពេញ​ដងខ្លួន​។ ផ្ទៃមុខ​មាន​ពណ៌​ខ្មៅ គ្នាន​រង្វង់​កង​ព័ទ្ធជុំវិញ​ភ្នែក​។ ផ្នែក​ច្រមុះ និង​មាត់ មាន​ពណ៌​ស ប្រផេះ និង​មាន​ដុះ​កញ្ចុំ​ពុកមាត់​វែង ពណ៌​ស ដុះ​ព័ទ្ធជុំវិញ​ផ្ទៃមុខ ស្ទើរតែ​លុប​បាត់​ត្រចៀក​។​

​ជាទូទៅ សម្បុរ​របស់​ស្វា​ព្រាម ប្រែប្រួល​ទៅតាម​អាយុ និង​ភេទ​។ សត្វ​ប្រភេទ​នេះ រស់នៅ​ជា​ហ្វូង មាន​ប្រមាណ​ពី ១០ ដល់ ៤០ ក្បាល ឬ​ច្រើនជាង​នេះ នៅ​ព្រៃ​តាម​តំបន់​ព្រៃ ស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង តំបន់​ព្រៃ​លិច​ទឹក និង​តំបន់ឆ្នេរ​ព្រៃកោងកាង​។ ចំណី​របស់​វា រួមមាន ផ្លែឈើ និង​ផ្កាឈើ​។​

​គេ​សង្កេតឃើញ ស្វា​ព្រាម មាននៅ​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ជុំវិញ​បឹង​ទន្លេសាប ភូមិភាគ​ខាង ជើង បឹង​ទន្លេសាប និង​នៅតាម​ព្រំប្រទល់​កម្ពុជា វៀតណាម​។ ស្វា​ព្រាម ស្ថិតក្នុង​ក្រុម​ប្រភេទ មាន​ដោយ​បង្គួរ នៅ​កម្ពុជា និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​គំរាមកំហែង ។​

​បើ​យោ​តាម​ការស្រាវជ្រាវ បានបង្ហាញ​ដែរ​ថា ស្វា​ព្រាម មាន​វត្តមាន នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ តំបន់​ជុំវិញ​បឹង​ទន្លេសាប ភូមិភាគ​ខាងជើង បឹង​ទន្លេសាប និង​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​។ វា​ក៏មាន​វត្តមាន​ផងដែរ នៅ​ភាគខាងត្បូង​ប្រទេស​ចិន និង​ប្រទេស​ភូមា រហូត​ទៅដល់​ភាគ ខាងត្បូង ឥណ្ឌូចិន និង​ភាគខាងត្បូង ប្រទេស​ថៃ ជាដើម​៕/V