​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅវេលា​ម៉ោង ៦ និង ៣០ នាទី ល្ងាច​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ គ្រោះធម្មជាតិ ខ្យល់​កន្ត្រាក់ គួបផ្សំ​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផង បានធ្វើឱ្យ​ផ្ទះ​ពលរដ្ឋ ក្រីក្រ មួយ​គ្រួសារ នៅតាម​ដង​ទន្លេ ឱ្យ​រលំ​រាប​ដល់​ដី ស្ថិតនៅ​ក្នុងភូមិ​គៀន​តា​ម៉ា ឃុំ​កំពង់​អូស ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ។​

​លោក កុយ តេង មេឃុំ​កំពង់​អូស បានឱ្យដឹង នៅ​រសៀល​ថ្ងៃទី​២៧ មិថុនា នេះ​ថាៈ ជនរងគ្រោះ​ខាងលើនេះ មានឈ្មោះ ឌួង អៀម ភេទ​ប្រុស អាយុ ៥៧ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ យុន ពៅ អាយុ ៥២ ឆ្នាំ មានកូន​នៅក្នុង​បន្ទប់ ចំនួន ៧ នាក់ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ ខាងលើ ហើយ​ផ្ទះ ត្រូវបាន​ភ្លៀងខ្យល់​កន្ត្រាក់ បំផ្លាញ​រលំ​រាប​ដល់​ដី​តែម្ដង​។ តែ​មិន​បង្ក​ជា គ្រោះថ្នាក់ ដល់​មនុស្ស​ទេ ព្រោះ​ម្ចាស់​មិន​នៅផ្ទះ ដោយសារតែ​ជីវភាព​ខ្វះខាត ចេញទៅ នេសាទ​ត្រី នៅ​ទន្លេសាប ដោយ​យក​កូន ដែល​មិនបាន​រៀនសូត្រ ទៅជា​មួយ​ផង ។​

​លោក ប្រាក់ សោភ័ណ នាយក​ប្រតិបត្តិ សាខា​កាកបាទក្រហម ខេត្តកំពង់ឆ្នាំង បានឱ្យដឹង នៅ​រសៀល​ថ្ងៃនេះ​ថាៈ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះធម្មជាតិ ខាងលើនេះ អនុសាខា​កាកបាទ ក្រហម ស្រុក​ជល​គិរី គ្រោង​នឹង​យក​គ្រឿង​សម្ភារៈ មក​ប្រគល់ជូន នៅ​ថ្ងៃស្អែក​នេះ ។​

​លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ នៅក្នុង​ខេត្តកំពង់ឆ្នាំង សូម​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​គ្រោះធម្មជាតិ​ភ្លៀង ខ្យល់​កន្ត្រាក់ បើ​អាចធ្វើ​ឲ្យ​បងប្អូន ជួប​នូវ​គ្រោះថ្នាក់​ជាយថាហេតុ ផងដែរ ៕/V​