ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ដោយសារតែមានជីវភាពក្រ ស្ត្រីម្នាក់ បានដើររើសខ្យង ដើម្បីដោះទ័លជីវភាពប្រចាំថ្ងៃ ទាំងមានផ្ទៃពោះ ជិតគ្រប់ខែ ហើយបានជួបគ្រោះអាក្រក់ មួយទៀត គឺត្រូវរន្ទះបាញ់ស្លាប់ ទាំងម្តាយ ទាំងកូនក្នុងផ្ទៃ ដោយបន្សល់ទុកសមាជិកគ្រួសារ ៨ នាក់ នៅក្នុងបន្ទុក។ ឧបទ្ទវហេតុនោះ បានកើតឡើង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៤ និង២០ រសៀល នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅពេលកំពុងអង្គុយចាក់ខ្យង នៅនៅក្បែផ្ទះ ស្ត្រីរងគ្រោះ ឈ្មោះ បាន លី អាយុ ៤៤ ឆ្នាំ (មានផ្ទៃពោះ៨ខែ) បានត្រូវរន្ទះបាញ់ ពេលមេឃជិតភ្លៀង ។ ក្នុងពេលនោះ អ្នកជួយសង្គ្រោះ បានព្យាយាមបញ្ជូនជនគ្រោះ មកមណ្ឌលសុខភាព ឃុំទួលពង្រ ប៉ុន្តែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ។.
ទទួលបានដំណឹងនេះ លោក ស្ដុក លីម បេក្ខជនមេឃុំទួលពង្រ មកពីគណបក្សប្រជាជន កម្ពុជា និងក្រុមការងារ បានចុះទៅ ជួបក្រុមគ្រួសារជនរងគ្រោះ នៅមណ្ឌលសុខភាព ហើយបានផ្តល់ថវិកា មួយចំនួន សម្រាបធ្វើបុណ្យ ហើយបានអំពាវនាវ សូមឱ្យសប្បុរសជន មេត្តាជួយក្រុមគ្រួសារស្ត្រីទុរគត នេះ បន្តផង៕/V