ដោយៈមុនីរ័ត្ន,តារារិទ្ធ/ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបានទទួល​ជួបពិភាក្សា​ការងារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​លោក ង្វៀន ភូ​ជុង អគ្គលេខាធិការ​ម​ជ្ឈិ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម ក្នុងឱកាស​អបអរសាទ​រ​ខួប ៧១​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨​មិថុនា​១៩៥១-២៨​មិថុនា​២០២២)​។

​ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០២២​លោក ង្វៀន ភូ​ជុង អគ្គលេខាធិការ​ម​ជ្ឈិ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម បានធ្វើការ​ទូរស័ព្ទ​ដោយផ្ទាល់​មកកាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើការ​ជូនពរ​ដោយផ្ទាល់ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជានូវ​ការអបអរសាទរ​ខួប ៧១​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាមួយគ្នានេះលោក ង្វៀន ភូ​ជុង បាន​សំដែង​នូវ​អំណរ​សាទរ ជូន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​លើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និយាយ​ជារួមនិង​និយាយ​ដោយឡែក​សូម​សំដែង នូវ​ការអបអរសាទរ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជ័យជម្នះ​ដ៏​លើសលុបពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពី​ថ្ងៃទី​៥ ខែមិថុនា​កន្លងទៅ​ថ្មីៗ​នេះ ។

​ប្រភពដដែលបន្តថា នៅក្នុង​កិច្ចសន្ទនា​គ្នា​នោះដែរលោក ង្វៀន ភូ​ជុង បាន​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​បំផុតជូន​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​ប្រារព្វ​ខួប​៤៥​ឆ្នាំ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ របប​ប្រល័យពូជសាសន៍ ប៉ុល ពត​(២០​មិថុនា​១៩៧៧-២០​មិថុនា​២០២២) នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X16 ស្ថិតក្នុង​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បាន​សំដែង​នូវ​ការអបអរសាទរ ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​បញ្ជា​គ្រប់គ្រង​ការរីក​រាលដាលនៃ​ជំងឺ​កូ​វីដ​១៩ ដំណើរការ​នៃ​ការបើក​ប្រទេស​ឡើងវិញការស្តារ​សេដ្ឋកិច្ច សង្គម មាន​ភាពល្អប្រសើរ​។

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ ជូន​ចំពោះ​លោក ង្វៀន ភូ​ជុង ដែល​បាន​ទូរស័ព្ទ​ទំនាក់ទំនង​ដោយផ្ទាល់​មកកាន់​រូ​បស​ម្តេច ពិសេស​ការចូលរួម​អបអរសាទរ​ខួប​៧១​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា និង​អបអរសាទរ​ចំពោះ​លទ្ធផល​ជា​វិជ្ជមាន នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ផង ។ សម្តេច​តេ​ជោ​មានប្រសាសន៍​ថ្លែងអំណរគុណ​ជូន​ចំពោះលោក ង្វៀន ភូ​ជុង និង​រដ្ឋាភិបាល​វៀតណាម ដែល​បាន​សហការ​ជួយ​រៀបចំ​កម្មវិធី​ខួប ៤៥​ឆ្នាំ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។

​តាមរយៈ​កិច្ចសន្ទនា​គ្នា​នោះ សម្តេច​តេ​ជោ​បាន​សំដែង​នូវ​ការអបអរសាទរជូនចំពោះរដ្ឋាភិបាលវៀតណាមដែលបានចាត់វិធានការ​ទប់ស្កាត់​ការរីក​រាល នៃ​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ជោគជ័យ ដែល​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​វិល​មក​ប្រក្រតីភាព​ឡើងវិញ និង​ទទួលបាន​ជោគជ័យ​លើ​វិស័យសេដ្ឋកិច្ច សង្គម ការបើក​សេដ្ឋកិច្ច​ឡើងវិញ និង​រក្សាបាន​នូវ​គំ​ណើ​ន​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់សំគាល់​។ នៅក្នុង​កិច្ចសន្ទនា​ដែល​បាន​ចំណាយពេល​ប្រមាណ​ជាង​៣០​នាទី សម្តេច​តេ​ជោ និង​ឯកឧត្តម ង្វៀន ភូ​ជុង បាន​ឯកភាពគ្នា​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​សម្រាប់​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម ឲ្យ​កាន់តែ​រឹងមាំ​និង​រីកចំរើន​ទ្វេ​ឡើង​ថែមទៀត​៕​សរន​