ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក​ញឹក ប៊ុនឆៃ បានប្រកាស​ទទួលយក​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានប្រកាស កាលពី​ថ្ងៃទី​២៦ ខែមិថុនា។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២​។​

​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​សង្កេតឃើញថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី​៥ កាលពី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ បាន​ប្រព្រឹត្តទៅ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​ដំណើរការ​ប្រកបដោយ​ល​ទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស គ្មាន​ការបង្ខិតបង្ខំ ក្នុងពេល​បោះឆ្នោត មាន​បរិយាកាស​ស្ងប់ស្ងាត់​ល្អ និង​ដំណើរការ​ទៅដោយ​រលូន គ្មាន​ឧបសគ្គ និង​គ្មាន​អំពើហិង្សា ព្រមទាំង​ការរាប់ សន្លឹកឆ្នោត និង​លទ្ធផល​បោះឆ្នោត​អាច​ទទួលយកបាន​។​

​បើតាម​លទ្ធផល​ផ្លូវ​ការដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យ​ដឹងថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​សំឡេង​សរុប​ចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០.៨៨ភាគរយ និង​ទទួលបាន​អាសនៈ​ចំនួន ១៣ អាសនៈ , ជំទប់​ទី​១ ចំនួន ១ និង​ជំទប់​ទី​២ ចំនួន ១០ ៕​សរន