ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បានប្រកាស​ទទួលយក​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានប្រកាស កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ ២០២២​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅ​ព្រលប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២​។

​លោក ​ម៉ម សូណង់ដូ បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​អត់​មាន​ជម្រើស​ទេ ត្រូវតែ​ទទួលយក ហើយ​១​អាសនៈ​ក៏​១​ដែរ វា​គ្រាន់​ជាង​អត់ សំខាន់​សម្រាប់​គណបក្ស​របស់ខ្ញុំ គឺ​មិនមែន​រឿង​ជ័យជំនះ សំខាន់​គឺ​ការចូលរួម​បោះឆ្នោត ។ ដូច្នេះ​ខ្ញុំ​អបអរសាទរ​ដែល​គ​.​ជ​.​ប បានរៀបចំ​ការបោះឆ្នោត​នេះ​បាន​ត្រឹមត្រូវ ហើយ​នៅក្នុង​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ក៏​គេ​គាំទ្រ គេ​សន្និដ្ឋានថា ការបោះឆ្នោត​មាន​តម្លាភាព និង​យុត្តិធម៌ ដូច្នេះ​ខ្ញុំ​អត់​មានអី​តវ៉ា​ទេ​”​។​

​លោក​ម៉ម សូណង់ដូ បាន​បន្តថា គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ សូម​អបអរសាទរ​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​បានរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ បាន​ត្រឹមត្រូវ​។

​គ​.​ជ​.​ប បានប្រកាស​លទ្ធផល​ផ្លូវការ​កាលពី​ថ្ងៃទី​២៦ ខែមិថុនា ថា គណបក្សនយោបាយ​ចំនួន ៩ ដែល​ទទួលបាន​អាសនៈ​មានដូចជាៈ​
១. គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​សរុប​ចំនួន ៥,៣៧៨,៧៧៣ សំឡេង ស្មើនឹង ៧៤.៣២ភាគរយ និង​ទទួលបាន​អាសនៈ​ចំនួន ៩៣.៧៦ អាសនៈ ដោយ​ក្នុងនោះ​ជាប់​ជា​មេឃុំ​ចំនួន ១៦៤៨​ឃុំ , ជំទប់​ទី​១ ចំនួន ១៦១៨ និង​ជំទប់​ទី​២ ចំនួន ២៦១ ។​
២. គណបក្ស​ភ្លើងទៀន ទទួលបាន​សំឡេង​សរុប​ចំនួន ១,៦១០,៥៥៦ សំឡេង ស្មើនឹង ២២.២៥ភាគរយនិង​ទទួលបាន​អាសនៈ​ចំនួន ២,១៩៨ អាសនៈ ដោយ​ក្នុងនោះ​ជាប់​ជា​មេឃុំ​ចំនួន ៤​ឃុំ , ជំទប់​ទី​១ ចំនួន ២៥ និង​ជំទប់​ទី​២ ចំនួន ១៣៦០​។​
៣. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេង​សរុប​ចំនួន ៩១,៧៩៨ សំឡេង ស្មើនឹង ១.២៧ភាគរយ និង​ទទួលបាន​អាសនៈ​ចំនួន ១៩ អាសនៈ , ជំទប់​ទី​១ ចំនួន ៤ និង​ជំទប់​ទី​២ ចំនួន ១២ ។​
៤. គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​សំឡេង​សរុប​ចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០.៨៨ភាគរយ និង​ទទួលបាន​អាសនៈ​ចំនួន ១៣ អាសនៈ , ជំទប់​ទី​១ ចំនួន ១ និង​ជំទប់​ទី​២ ចំនួន ១០ ។​
៥. គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន​សំឡេង​សរុប​ចំនួន ៦,៨០៧ សំឡេង ស្មើ ០.០៩% និង​ទទួលបាន​អាសនៈ​ចំនួន ៦ អាសនៈ , ជំទប់​ទី​១ ចំនួន ២ និង​ជំទប់​ទី​២ ចំនួន ២​។​
៦. គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទទួលបាន​សំឡេង​សរុប​ចំនួន ៣៣,២៥៩ សំឡេង ស្មើ ០.៤៦ភាគរយ និង​ទទួលបាន​អាសនៈ​ចំនួន ៥ អាសនៈ , ជំទប់​ទី​១ ចំនួន ២ និង​ជំទប់​ទី​២ ចំនួន ២​។​
៧. គណបក្ស​យុវជន​កម្ពុជា ទទួលបាន​សំឡេង​សរុប​ចំនួន ១៣,៨៤១ សំឡេង ស្មើ ០.១៩ភាគរយ និង​ទទួលបាន​អាសនៈ​ចំនួន ៣ អាសនៈ , ជំទប់​ទី​២ ចំនួន ៣​។​
៨. គណបក្ស​កម្ពុជា​និយម ទទួលបាន​សំឡេង​សរុប​ចំនួន ៤,៨៥៦ សំឡេង ស្មើ ០.០៧ភាគរយនិង​ទទួលបាន​អាសនៈ​ចំនួន ១ អាសនៈ , ជំទប់​ទី​២ ចំនួន ១​។​
៩. គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទទួលបាន​សំឡេង​សរុប​ចំនួន ២,៤៦០ សំឡេង ស្មើ ០.០៣ភាគរយនិង​ទទួលបាន​អាសនៈ​ចំនួន ១ អាសនៈ , ជំទប់​ទី​២ ចំនួន ១៕​សរន