ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ការ​ចាញ់ល្បិច​កល​គេ ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មានការ​តានតឹង និង ងាយ​ទទួលរង​គ្រោះ​ដោយសារ​ក្រុមមនុស្ស​ទម្លាប់​បញ្ហា​មកឱ្យ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​ទៀតផង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ឬ​បានទទួល​ដំណឹង​អ្វីមួយ​ដែល​ជឿនលឿន​ជាង​មុន​ផង​។​សម្រាប់​នៅថ្ងៃនេះ​ដែរ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ប្រកប​ពិធី​អ្វីមួយ​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពកក់ក្តៅ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ដូច​សព្វមួយដង​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ដោយសារ​យីអ៊ុន​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​គ្រាន់​កក់ក្តៅ​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ផ្តើមធ្វើ​អ្វី​ក៏​ជា​ពេលវេលា​ល្អ​ពិសេស​ការចាប់ផ្តើម​ការ​ងារ​ក្រុមហ៊ុន​ឯកជន​ឬ​ធ្វើ​អ្វីមួយ​ដែល​ចំណាយ​ប្រាក់កាស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ ហើយ​បើ​មាន​ជម្លោះ​ពេលនេះ​ជា​កាស​ល្អ​ក្នុងការ​ផ្សះផ្សារ​ឡើងវិញ​ហើយ ៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​កំហឹង​ទល់​កំហល់​បានទេ ហើយ​ត្រូវ​ចងចាំ​ពាក្យចាស់​ថា​”​ការ​សន្សំ​សេចក្តីសុខ​គឺជា​ទ្រព្យធន​”​ទុក​ក្នុង​ខ្លួន​ផង​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​ធ្វើ​ការងារ​សំខាន់ៗ​មុន​ហើយ​ធ្វើ​ការងារ​ចាស់​ឱ្យបាន​រួចរាល់​ព្រោះថា​អាច​ផ្តល់​ផល​ល្អ​មកដល់​លោកអ្នក​យ៉ាងច្រើន​មកវិញ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មានការ​ថយចុះ​ច្រើន ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​ដូច​បំណង​ប៉ុន្មាន​ទេ​។
សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​តែបើ​ថយក្រោយ​វិញ​ឆាប់រហ័ស​ណាស់ និង​ពិសេស​ងាយ​បាក់បែក​ទៀតផង​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ទោះ​ពុំសូវល្អ​ប៉ុន្មាន​ក្តី ប៉ុន្តែ​បើ​ចេះ​ខិតខំ​ព្យាយាម​ក្នុង​កិច្ចការ​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​។​ការប្រកប​ការងារ​លោក​អ្នក​មិនគួរ​បង្កទំនាស់​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ទេ​ព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​ច្រើនជាង​ល្អ ដូចនេះ​បើ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ​បំផុត ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​មានការ​ខិតខំ ហើយ​រវាសរវៃ​ក្នុង​មុខទំនិញ​ខ្លះ​ក៏​អា​ចរក​ផល​ចំណូល​ចូល​ធូរ​គ្រាន់​ស្រណុកចិត្តរ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ភាព​ប្រចែប្រច័ណ្ឌ​នៅតែ​លុកលុយ​នៅឡើយ​ទេ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ការ​រ​ស់មានភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា​ក៏​តែង​សម្រេច​ជោគជ័យ​ភាគច្រើន​ត្រឡប់មកវិញ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នករ​ដិ​បរ​ដុប​ច្រើន​បន្តិច ម្ល៉ោះហើយ​លោកអ្នក​មិន​គប្បី​តបត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្តីបន្ទោស​ឡើយ​ដោយ​រក្សា​សេចក្តីសុខ​វិញ​ទើប​ប្រសើរ​។​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​មិនអាច​ប្រមាថ​បានដែរ បើ​ពុំនោះ​ក៏​ងាយ​ទទួលរង​ការខូចខាត​ឬ​បាត់បង់​ដូចគ្នា​។​
​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការ​ទាស់សម្តី​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ដោយសារតែ​ការយល់​ខុស​ដោយ​ប្រការ​ណាមួយ​។​បើទោះបី​ដួង​រាសី​ស្រុតចុះ​ក្តី ប៉ុន្តែ​លោកអ្នក​នៅ​អាច​ដំណើរ​កិច្ចការងារ​ដោយ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ហើយ​ពិសេស​ផល​មួយចំនួន​ក៏​តែង​ផ្តល់​មកវិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​។
រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំឱ្យ​កើត​បញ្ហា​មិនសូវ​ចេះ​ចប់​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​លោក​តោង​តែ​ប្រយ័ត្ន​បង្ក​ជា​បញ្ហា​កើតជា​ជម្លោះ​វិវាទ ដោយ​ប្រការ​ណាមួយ​កើតឡើង​។​ការប្រកប​ការងារ​លោក​អ្នក​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានទេ​ព្រោះ​ងាយ​ទាញ​រឿងរ៉ាវ​ពី​ល្អ​ធ្លាក់​ទៅ​អាក្រក់​បាន​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​យីអ៊ុន​ពុំសូវល្អ ដូចនេះ​នាំឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ប្រសើរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​បើ​ចង់​ពឹងពាក់ ឬ ចង់​ទំនាក់ទំនង​បញ្ហា​អ្វីមួយ​គឺ តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ដូច​ជាទី​គាប់​បំណង​។​ដោយសារ​ដួង​រាសី​គាប់ប្រសើរ ម្ល៉ោះហើយ​បើ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង ចាត់ចែង​ការងារ​នោះ​ឃើញថា​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​គួរសម ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​ស្រួល​ចិត្ត​។
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឹករលឹក និង ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​តែងមាន​ការផ្លាស់ប្តូរ​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ​បើ​ពុំនោះ ពេលខ្លះ ផល​ល្អ​សោះ​អាច​ប្រែ​មក​អាក្រក់​វិញ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រទាំង​កិច្ចការងារ និង ដំណើរការ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តែង​ជួបប្រទះ​នូវ​ការរាំងស្ទះ​ច្រើន និង​ពិសេស​ងាយ​បាត់បង់​ប្រាក់កាស​ច្រើនជាង​សព្វមួយដង ។​ថ្ងៃ​នេះដែរ​លោកអ្នក​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ព្រោះ​មានតែ​ការបាត់បង់​ប៉ុណ្ណោះ ឯ លាភ​ហេង​នោះ​មាន​តិចតួច​បំផុត​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​និង​ក្រុម​បាបមិត្ត​តាម​ឈ្នានីស​ព្យាបាទ​យាយី ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕