ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សហរដ្ឋអាម៉េរិកគ្រោងនឹងទិញនិងបញ្ជូនប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមទៅឆ្ងាយបន្ថែមទៀតទៅកាន់អ៊ុយក្រែន ជាចំណាត់ការមួយដែលក្រុមមន្ត្រីសង្ឃឹមថានឹងជួយកងកម្លាំងអ៊ុយក្រែនកាន់កាប់ផ្នែកដែលនៅសល់ចុងក្រោយនៅតំបន់ដុនបាសភាគខាងកើត ដែលរុស្ស៊ីមិនទាន់អាចដណ្តើមបាននៅឡើយ។
មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃចន្ទទី២៧មិថុនាថា កងកម្លាំងអ៊ុយក្រែនកំពុងប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតទំនើបរួចជាស្រេចហើយហើយថាប្រព័ន្ធទំនើបបែបនោះច្រើនទៀតនឹងទៅដល់អ៊ុយក្រែនជាមួយនឹងទាហានដែលបានហ្វឹកហាត់ក្នុងពេលឆាប់ៗនេះ។ ផែនការថ្មីសម្រាប់សហរដ្ឋអាម៉េរិកក្នុងការទិញនិងបញ្ជូនមីស៊ីល NASAMSដែលជាប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសទំនើបទៅកាន់អ៊ុយក្រែន ក៏កំពុងដំណើរការផងដែរ ហើយនឹងបន្ថែមសមត្ថភាពបាញ់គ្រាប់រ៉ុក្កែតនិងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន។
ប្រធានាធិបតី ចូ បៃដិន ត្រូវគេរំពឹងថានឹងប្រកាសក្នុងពេលឆាប់ៗនេះថា សហរដ្ឋអាម៉េរិកនឹងទិញមីស៊ីល NASAMS ដែលជាប្រព័ន្ធប្រឆាំងយន្តហោះអភិវឌ្ឍដោយន័រវេសដើម្បីផ្តល់ការការពារពីចម្ងាយមធ្យមដល់ចម្ងាយឆ្ងាយសម្រាប់អ៊ុយក្រែន នេះបើយោងតាមមន្ត្រីរដ្ឋបាលដែលដឹងអំពីបញ្ហានេះ។ មីស៊ីល NASAMS គឺជាប្រព័ន្ធដូចគ្នាដែលសហរដ្ឋអាម៉េរិកប្រើដើម្បីការពារដែនអាកាសជុំវិញសេតវិមាន និងវិមានកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោន។
ទាំងមន្ត្រីការពារជាតិនិងមន្ត្រីរដ្ឋបាលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីការវាយតម្លៃនិងផែនការយោធារបស់សហរដ្ឋអាម៉េរិក ដែលមិនទាន់ត្រូវបានប្រកាស។
អភិបាលក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីបានកំពុងវាយប្រហារពេញទំហឹងលើមូលដ្ឋានរឹងមាំចុងក្រោយរបស់អ៊ុយក្រែននៅក្នុងតំបន់លូហានស៍ភាគខាងកើត គឺ ទីក្រុងលីស៊ីចាន់ (Lysychansk)ពីដីនិងអាកាស។ អភិបាលតំបន់លូហានស៍ លោក សឺហ៊ី ហៃដាយ (Serhiy Haidai) បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងវាយលុកទីក្រុងលីស៊ីចាន់បន្ទាប់ពីដណ្តើមបានទីក្រុងស៊ីវីរ៉ូដូណិតសខ៍ (Sievierodonetsk) ដែលនៅជិតខាងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
វាជាផ្នែកមួយនៃការបង្កើនការវាយលុករបស់រុស្ស៊ី ដើម្បីដណ្តើមយកតំបន់ដុនបាសពីការគ្រប់គ្រងរបស់រដ្ឋាភិបាលអ៊ុយក្រែននៅក្នុងអ្វីដែលអ្នកជំនាញលោកខាងលិចនិយាយថាបានក្លាយជាគោលដៅសំខាន់ថ្មីនៃសង្គ្រាមរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន ដែលឥឡូវឈានដល់ខែទីប្រាំហើយ៕
ប្រធានាធិបតី ចូ បៃដិន ត្រូវគេរំពឹងថានឹងប្រកាសក្នុងពេលឆាប់ៗនេះថា សហរដ្ឋអាម៉េរិកនឹងទិញមីស៊ីល NASAMS ដែលជាប្រព័ន្ធប្រឆាំងយន្តហោះអភិវឌ្ឍដោយន័រវេស ដើម្បីផ្តល់ការការពារពីចម្ងាយមធ្យមដល់ចម្ងាយឆ្ងាយសម្រាប់អ៊ុយក្រែន