ប្រែសម្រួលៈបំណង(ST)៖កាំជ្រួចរុស្ស៊ីពីរគ្រាប់បានធ្លាក់ចូលផ្សារមានមនុស្សណែនណាន់មួយនៅទីក្រុងក្រេមិនឈុក(Kremenchuk)របស់អ៊ុយក្រែនភាគកណ្តាលកាលពីថ្ងៃចន្ទទី២៧មិថុនា ដោយបានសម្លាប់មនុស្សយ៉ាងតិច១៣នាក់ និងរបួស៥០នាក់ នេះបើតាមការបញ្ជាក់អះអាងរបស់អភិបាលតំបន់របស់អ៊ុយក្រែន។
ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេស្គី បាននិយាយថាមនុស្សជាង១.០០០នាក់បានស្ថិតនៅក្នុងផ្សារទំនើបនេះចំពេលវារងការវាយប្រហារ ដែលសាក្សីបាននិយាយថាវាបណ្តាអោយមានអគ្គិភ័យដ៏ធំមួយនិងបានបញ្ជូនផ្សែងខ្មៅចូលក្នុងអាកាស។
អ្នកយកព័ត៌មានអោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឃើញសំបកហាងទំនិញឆេះខ្លោចជាមួយនឹងដំបូលរហែកដាច់ នៅពេលអ្នកពន្លត់ភ្លើងនិងទាហានទាញបំណែកដែកចេញដើម្បីស្វែងរកជនរងគ្រោះ។
ប្រធានាធិបតី ហ្សេលេនស្គី បាននិយាយក្នុងតេឡេក្រាមថា «សូម្បីស្រមៃក៏នឹងមិនស្មានដល់…គ្មានសង្ឃឹមថានឹងទទួលបានសុជីវធម៌និងមនុស្សធម៌ពីរុស្ស៊ីទេ»។
ឌីមីត្រូ លូនីន(Dmytro Lunin)អភិបាលតំបន់ប៉ុលត្រាវ៉ា(Poltava)ភាគកណ្តាលបានសរសេរបង្ហោះក្នុងតេឡេក្រាមថា មនុស្ស១៣នាក់ត្រូវបានបញ្ជាក់ថាស្លាប់ដោយការវាយប្រហារនេះ តែចំនួនស្លាប់អាចកើនឡើងដោយសារតែអ្នកជួយសង្គ្រោះកំពុងស្វែងរកក្នុងគំនរបាក់បែកនៅឡើយ»។
លោកក៏បានបន្ថែមថា មនុស្ស២១នាក់ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ និង២៩នាក់ទៀតទទួលជំនួយបឋម។«វាជាអំពើភេរវកម្មប្រឆាំងជនស៊ីវិល ដោយសារមិនមានទីតាំងយោធានៅក្បែរៗនោះដែលសមនឹងរុស្ស៊ីវាយប្រហារ»។
ចំណែកបញ្ជាកងកម្លាំអាកាសអ៊ុយក្រែនបាននិយាយថា ផ្សារនេះរងការវាយប្រហារដោយកាំជ្រួចចម្ងាយឆ្ងាយX-22ពីគ្រាប់ចេញពីយន្តហោះទម្លាក់គ្រាប់បែកTu-22M3ដែលហោះចេញពីមូលដ្ឋានទ័ពអាកាសសាតកូវកា(Shaykovka)នៅតំបន់កាលូហ្កា(Kaluga)របស់រុស្ស៊ី។
ទោះជាយ៉ាងណាឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោកឌីមីទ្រី ប៉ូលីយ៉ានស្គីយ(Dmitry Polyanskiy) បានសរសេរបង្ហោះថាការវាយប្រហារនេះជាការ«បង្ករឿងរបស់អ៊ុយក្រែន»ខ្លួនឯង។លោកថា របបទីក្រុងគៀវចង់អោយគេចាប់អារម្មណ៍អ៊ុយក្រែននៅមុនជំនួបកំពូលអង្គការណាតូដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារនៅអេស្ប៉ាញ។
តែលោក វ៉ាឌីម ដេនីសេនកូ(Vadym Denysenko)ទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែន បាននិយាយថា រុស្ស៊ីមានហេតុផលបីសំរាប់ការវាយប្រហារនេះ មួយដើម្បីបំភិតបំភ័យ ទីពីរបំផ្លាហេដ្ឋារចនាសម្ពន្ធនិងទីបី បង្ខំអោយលោកខាងលិចចូលតុចរចាជាថ្មី។
អគ្គលេខាងអង្គការណាតូបាននិយាយកាលពីថ្ងៃចន្ទថា ជំនួបកំពូលនេះនឹងបន្ថែមជំនួយថ្មីដល់អ៊ុយក្រែនលើវិស័យដូចជា ទូរគមនាគមន៍ និងប្រព័ន្ធប្រឆាំងដ្រូន រួមទាំងប្រេងឥន្ធនៈ។
សូមបញ្ជាក់ថា រុស្ស៊ីដែលបានចាប់យកទីក្រុងស៊ីវីរ៉ូដូណិតសខ៍ក្រោយការឡោមព័ទ្ធវាយប្រហារអស់ជាច្រើនសប្តាហ៍ បានបង្កើនការវាយប្រហារដោយកាំជ្រួចនៅទូទាំងអ៊ុយក្រែននៅប៉ុន្មានថ្ងៃចុងក្រោយនេះ៕
អ្នកជួយសង្គ្រោះនៅកន្លែងរងការវាយប្រហារដោយកាំជ្រួចនៅផ្សារមួយក្នុងក្រុង ក្រេមិនឈុក កាលពីថ្ងៃ២៧មិថុនា