​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ផ្ទះ​ថ្មី​មួយ​នៅ​ហុងកុង​ត្រូវ​បាន​លក់​ក្នុងតម្លៃ ៨៧០ លាន​ដុល្លារ​ហុងកុង (១១០,៨៨ លាន​ដុល្លារ​អាម៉េរិក​) ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​នៅ​ឆ្នាំ​នេះ​ដោយ​ជួយ​ជំរុញ​​ដល់​ទីផ្សារ​ផ្ទះ​ប្រណីត​ក្នុង​ទីក្រុង​ដែល​កំពុង​ស្រុតចុះ​។​

​ក្រុមហ៊ុន​សហ​អភិវឌ្ឍន៍ គឺ Emperor International Holdings, C C Land Holdings, Mingfa Group International និង CSI Properties​បាន​លក់​ផ្ទះ​​ដែល​មាន​បន្ទប់​គេង​ប្រាំមួយ​នេះ​នៅក្នុង​គម្រោង​ថ្មី​ឈ្មោះថា No. 15 Shouson នៅ​តំបន់​ស៊ូ​សុន​ហ៊ីល (Shouson Hill) តាមរយៈ​ការដេញថ្លៃ​កាលពី​ថ្ងៃអាទិត្យ ទី​២៦ មិថុនា នេះ​បើ​យោង​​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​។ ក្រុមហ៊ុន​ទាំងនេះ​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​អ្នក​ទិញ​នោះ​ទេ​។​

​ផ្ទះ ដែល​មាន​ផ្ទៃក្រឡា​ជាន់​លើ​អគារ ៧៤៦ ម៉ែត្រការ៉េ មាន​សួនច្បារ​ឯកជន អាង​ហែល​ទឹក និង​ចំណតរថយន្ត​។​

​មាន​ទីតាំង​ស្ថិតនៅ​ផ្នែក​ខាងត្បូង​នៃ​កោះ​ហុងកុង តំបន់​ស៊ូ​សុន​ហ៊ីល​គឺ​ជា​សង្កាត់​ផ្តាច់មុខ​បំផុត​មួយ​របស់​ទីក្រុង កន្លែង​ដែល​មហាសេដ្ឋី​មាន​បំផុត​មួយចំនួន រួមទាំង​លោក លី កាស៊ី​ង (Li Ka Shing) មាន​ផ្ទះ​ជា​ច្រើន​នៅ​ទីនោះ​៕

ផ្ទះ​ថ្មី​ក្នុង​គម្រោង​ថ្មី​ឈ្មោះថា No. 15 Shouson​នៅ​តំបន់​ស៊ូ​សុន​ហ៊ីល​លក់បាន ១១០,៨៨ លាន​ដុល្លារ​អាម៉េរិក​