ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមមន្ត្រីបាននិយាយថា រថភ្លើងដឹកអ្នកដំណើរ Amtrak ដែលកំពុងធ្វើដំណើរពីទីក្រុងឡូស អ៊ែនជើឡេសទៅកាន់ទីក្រុងឈីកាហ្គោបានបុករថយន្តដឹកសំរាមកាលពីថ្ងៃចន្ទទី២៧មិថុនា នៅតំបន់ដាច់ស្រយាលនៃរដ្ឋមីសួរី (Missouri) ដោយបានសម្លាប់មនុស្សបីនាក់និងរាប់សិបនាក់ផ្សេងទៀតរងរបួសខណៈទូរថភ្លើងចំនួនប្រាំពីរបានធ្លាក់ចេញពីផ្លូវដែក។
អ្នកនាំពាក្យកងល្បាតផ្លូវហាយវេរដ្ឋមីសួរី លោកអនុសេនីយឯក ចាស្ទីន ដាន់ (Justin Dunn) បាននិយាយថា អ្នកស្លាប់ពីរនាក់គឺនៅលើរថភ្លើង និងម្នាក់នៅលើឡានដឹកសំរាម។ភ្លាមៗនេះគេមិនច្បាស់ថាមានមនុស្សប៉ុន្មាននាក់បានរងរបួសនោះទេ ប៉ុន្តែមន្ទីរពេទ្យបានរាយការណ៍ថាបានទទួលអ្នកជំងឺជាង ៤០ នាក់ពីហេតុការណ៍គ្រោះថ្នាក់នេះ ហើយរំពឹងមានអ្នកជំងឺច្រើនទៀត។
ក្រុមមន្ត្រីបាននិយាយថា រថភ្លើង Amtrak បានដឹកអ្នកដំណើរប្រហែល ២៤៣ នាក់ និងសមាជិកបុគ្គលិក ១២ នាក់ នៅពេលដែលការប៉ះទង្គិចគ្នាបានកើតឡើងនៅជិតតំបន់មិនដុន (Mendon) នៅចំណុចប្រសព្វជនបទនៅលើផ្លូវគ្រួសមួយ ដែលគ្មានភ្លើងសញ្ញាចរាចរ ឬឧបករណ៍បញ្ជាអេឡិចត្រូនិក។ ក្រុមល្បាតបាននិយាយថា ទូរថភ្លើងចំនួនប្រាំពីរបានក្រឡាប់។
អ្នកដំណើរឈ្មោះ រ៉ូបឺត ណៃធីងហ្គែល (Robert Nightingale) បាននិយាយថា គាត់កំពុងងងុយដេកនៅក្នុងទូរថភ្លើងរបស់គាត់ នៅពេលដែលការបុកគ្នាបានកើតឡើង។
គាត់បានប្រាប់ទូរទស្សន៍ CNN ដោយពណ៌នាអំពីរបៀបដែលរថភ្លើងញ័ររញ្ជួយមុនពេលធ្លាក់ផ្លូវរួចក្រឡាប់ យ៉ាងដូច្នេះថា “អ្វីគ្រប់យ៉ាងបានចាប់ផ្តើមចូលក្នុងចលនាយឺតៗ”។
លោកណៃធីងហ្គែលអាចវារចេញគើមៗពីទូរថភ្លើងដែលក្រឡាប់។ លោកបន្តថា “យើងគ្រប់គ្នាបានត្រឹមអង្គុយនៅទីនោះទាំងតក់ស្លុត”៕
រថភ្លើងដឹកអ្នកដំណើរ Amtrak ដែលកំពុងធ្វើដំណើរពីទីក្រុងឡូសអ៊ែនជើឡេសទៅកាន់ទីក្រុងឈីកាហ្គោ បានបុករថយន្តដឹកសំរាមកាលពីថ្ងៃចន្ទទី២៧មិថុនា