​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក ឌី​មី​ទ្រី មេ​ត​វេ​ដេ​វ (Dmitry Medvedev) ត្រូវបាន​ដកស្រង់​សម្តី ដោយ​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មិថុនា​ថា​ការ​ជ្រៀត​​ចូល​ណាមួយ​លើ​ឧបទ្វីប​គ្រី​មេដោយ​រដ្ឋ​សមាជិក​ណា​តូ​អាច​ស្មើ​នឹង​ការប្រកាសសង្គ្រាម​លើ​ប្រទេស​រុស្ស៊ី ដែល​អាច​នាំឱ្យ​មាន “​សង្គ្រាមលោកលើកទីបី​”​។​

​លោក​មេ​ត​វេ​ដេវបាន​ប្រាប់​វេប​សាយព័ត៌មាន Argumenty i Fakty ថា “​សម្រាប់​ពួកយើង គ្រីមេ​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី​។ ហើយ​នោះ​មានន័យថា​ជា​រៀងរហូត​។​ការប៉ុនប៉ង​ណាមួយ​ដើម្បី​ឈ្លាន​​ពាន​លើ​គ្រីមេ​គឺជា​ការប្រកាសសង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​របស់​យើង​”​។​

“​ហើយ​ប្រសិនបើ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​រដ្ឋ​សមាជិក​ណា​តូ នេះ​មាន​ន័យ​ថា​ជម្លោះ​ជាមួយ​សម្ពន្ធមិត្ត​អា​ត្លង់​ទិ​កខាងជើង​ទាំងមូល គឺ​ស្មើនឹង សង្គ្រាមលោកលើកទីបី​។ វា​ជា​មហន្តរាយ​ទាំងស្រុង​”​។​

​លោក​មេ​ត​វេ​ដេ​វ ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​រុស្ស៊ី ក៏​បាន​និយាយ​ផងដែរ​ថា ប្រសិន​បើ​ហ្វាំង​ឡ​ង់​និង​ស៊ុយអែត​ចូលរួម​ជាមួយ​អង្គការ​ណា​តូ រុស្ស៊ី​នឹង​ពង្រឹង​ព្រំដែន​របស់​ខ្លួន ហើយ​នឹង “​ត្រៀម​ខ្លួន​សម្រាប់​ជំហាន​ឆ្លើយតប​” ហើយ​ខ្លួន​អាច​រួមបញ្ចូល​ការរំពឹង​ទុក​នៃ​ការដំឡើង​កាំជ្រួច Iskander នៅក្បែរ​ព្រំដែន​របស់​ពួកគេ​”៕

អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក ឌី​មី​ទ្រី មេ​ត​វេ​ដេ​វ