​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​បាន​និយាយថា ការផ្ទុះ​ឧស្ម័ន​ក្ល​រីន​បាន​សម្លាប់​មនុស្ស ១២ នាក់ និង​របួស​ជាង ២៥០ នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មិថុនា​នៅពេល​ដែល​ស៊ីទែន​​ដែល​ធ្លាក់​ចេញពី​ម៉ាស៊ីនស្ទូច​បាន​បញ្ចេញ​ពពក​ផ្សែង​ពុល​ពណ៌​លឿង​នៅឯ​កំពង់ផែ​អាកា​បា (Aqaba)​របស់​ហ្ស៊កដានី​។​

​វីដេអូ​នៅលើ​ទូរទស្សន៍​រដ្ឋ Al-Mamlaka បានបង្ហាញ​ស៊ីទែន​ហ្គាស​ដ៏​ធំ ដែល​គេ​និយាយ​ថា​ផ្ទុក​ហ្គាស​លឿង​នេះ​ប្រហែល ៣០ តោន ដោយ​ធ្លាក់​ពី​ដង​ស្ទូច​នៅ​លើ​កប៉ាល់​ហើយ​បញ្ចេញ​ពពក​ឧស្ម័ន​​ក្ល​រីន​យ៉ាង​សាហាវ​។​

​កម្លាំង​ផ្ទុះ​នេះ​បាន​បំប៉ើង​ឡាន​ដឹក​ទំនិញ​មួយ​គ្រឿង​ឱ្យ​រមៀល​ក្រឡាប់​ផ្កាប់ផ្ងារ​ពេញ​កំពង់ផែ ខណៈ​កម្មករ​កំពង់ផែ​បាន​នាំគ្នា​រត់​គេចខ្លួន​យក​ប្រាស់​អាយុ​។​

​អង្គភាព​ដោះស្រាយ​វិបត្តិ​របស់​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នៅ​ម៉ោង ១៥៖១៥ នាទី​រសៀល​នេះ ការ​លេច​ធ្លាយ​ឧស្ម័ន​ក្ល​រីន​បាន​កើត​ឡើង​នៅ​កំពង់ផែ​អាកាបា​ដែល​កើតចេញ​​ពី​ការធ្លាក់​និង​ការផ្ទុះ​ស៊ីទែន​ផ្ទុក​សារធាតុ​នេះ​”​។​

​អង្គភាព​នេះ​និយាយថា ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ១២ នាក់​ជាមួយនឹង​អ្នករងរបួស​ចំនួន ២៦០ នាក់ មាន​ទាំង​ជនជាតិ​ហ្ស៊កដានី​និង​ជនបរ​ទេស​ដោយ​បន្ថែមថា​អ្នករងរបួស​ស្ទើរតែ​ពាក់​​កណ្តាល​កំពុង​ត្រូវបាន​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។​

​អង្គភាព​ដោះស្រាយ​វិបត្តិ​បាន​និយាយថា មនុស្ស​នៅ​តំបន់​ក្បែរ​នោះ​ត្រូវបាន​ជម្លៀសចេញ ហើយ​អ្នកស្រុក​ត្រូវ​បាន​ប្រាប់​ឱ្យ​ស្នាក់​នៅ​ក្នុងផ្ទះ ខណៈ​អ្នក​សង្គ្រោះបន្ទាន់​បាន​ហ៊ុម​ព័ទ្ធ ៥០០​ម៉ែត្រ​នៅ​ជុំវិញ​​ទីតាំង​ឧបទ្ទវហេតុ​។​

​ក្រុមមន្ត្រី​បាន​និយាយថា មនុស្ស​នៅ​តំបន់ឆ្នេរ​ភាគខាងត្បូង​នៃ​កំពង់ផែ​អាកា​បា ពោលគឺ​តំបន់​រមណីយដ្ឋាន​សមុទ្រ​ក្រហម ក៏​ត្រូវ​បាន​ជម្លៀសចេញ​ផងដែរ​។​

​អនុប្រធាន​អាជ្ញាធរ​កំពង់ផែ​តំបន់​អាកា​បា លោក ហា​ច ហាស​សាន់ (Haj Hassan) បាន​ប្រាប់​ទូរទស្សន៍ Al-Mamlaka ថា “​ខ្សែ​ដែក​ដែល​ចង​កុងតឺន័រ​ផ្ទុក​សារធាតុពុល​នេះ​បាន​ដាច់​” ដែលនាំឱ្យ​មាន​ការដួលរលំ​និង​លេច​ធ្លាយ​ឧស្ម័ន​តែម្តង​។​

​គួរ​បញ្ជាក់ដែរថា នៅ​គ្រានោះ​មាន​ស៊ីទែន​ឧស្ម័ន​ក្ល​រីនចំនួន ២០ កំពុង​រង់ចាំ​ស្ទូច​ដាក់​លើ​កប៉ាល់​៕

វីដេអូ​បង្ហាញ​ការផ្ទុះ​ហ្គាស​លឿង​នៅ​កំពុងផែ​អាកា​បា​កាលពី​ថ្ងៃ​ចន្ទ​