ដោយៈប.ខុន/ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៨ ខែមិថុនា បានជូនដំណឹងស្តីពីការព្យាករស្ថានភាពធាតុអាកាសធាតុ សម្រាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ភ្ជាប់ទៅនឹងសម្ពាធទាបមួយទៀតនៅក្នុងសមុទ្រចិនខាងត្បូងដែលនឹងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៣ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ។
សេចក្តីជូនដំណឹងសរសេរទៀតថា ស្ថានភាពបែបខាងលើនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៤ ទៅ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៤ ទៅ៣៦អអ្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះក៏នឹងអាចមានភ្លៀងច្រើនដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ នៅវាលទំនាបភាគកណ្តាលនិងភាគពាយ័ព្យ។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានសីតុណ្ហភាពអប្បបរមាពី២៤ ទៅ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣៣ ទៅ៣៥អង្សាសេ។ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៤ ទៅ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣៤ទៅ៣៦អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ៕