ដោយ​: ដេប៉ូ​/​ភ្នំពេញ​: នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២​នេះ​អង្គការ Save the Children ប្រចាំ​ប្រទេស​កម្ពុជា (SCI), World Vision International (WVI-C) និង Plan International Cambodia (PLAN) ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​វេទិកា​ភស្តុតាង​សម្រាប់​គោលនយោបាយ ស្តីពី ការបញ្ចប់​អំពើហិង្សា​លើ​កុមារ​នៅក្នុង និង​ជុំវិញ​សាលារៀន​ក្នុងប្រទេស​កម្ពុជា ។​

​សម្រាប់​វេទិកា​នេះដែរ នឹង​ចែករំលែក​ភស្តុតាង ដែល​បានមកពី​របាយការណ៍​នៃ​ការវាយតម្លៃ​ឯករាជ្យ​របស់​គម្រោង ព្រមទាំង​សម្របសម្រួល​នូវ​កិច្ចសន្ទនា​រវាង​វិស័យ​អប់រំ និង​ផ្នែក​ការពារ​កុមារ រួមទាំង​គ្រូបង្រៀន ក្រុមប្រឹក្សា​កុមារ និង​នាយក​សាលា ទាក់ទង​ទៅនឹង​ការអនុវត្ត និង​ការធ្វើ​មាត្រដ្ឋាន​នៃ​យន្តការ​ការពារ​កុមារ​នៅតាម​សាលារៀន​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ Save the Children បានឱ្យដឹងថា​ក្នុង វេទិកា នឹងដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​សៀវភៅ​ណែនាំ​ប្រតិបត្តិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​កិច្ចការពារ​កុមារ​នៅក្នុង​សាលារៀន​។​

​គួរ​បញ្ជាក់ថា​របាយការណ៍​ក្នុង​វេទិការ​នេះ​នឹង​គ្របដណ្តប់​លើ​សាលារៀន​គោលដៅ ៥២ ក្នុង​ខេត្តសៀមរាប និង​ព្រះវិហារ សម្រាប់​រយៈពេល​២១​ខែ​នៃ​ការអនុវត្ត គម្រោង​នេះ​ត្រូវបាន​ចាត់ទុកថា មាន​លក្ខណៈ​ពាក់ព័ន្ធ សមស្រប និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកទទួលផល​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា ដោយ​របាយការណ៍​នៃ​ការវាយតម្លៃ​ឯករាជ្យ​។ នោះ​គឺ យុទ្ធសាស្ត្រ​អន្តរាគមន៍ សមស្រប​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​ហិង្សា​លើ​កុមារ នៅក្នុង​សាលារៀន​ក្នុង​កម្ពុជា​។ ជាពិសេស គម្រោង​នេះ បាន​សម្រប​ខ្លួន​ទៅនឹង​ការ​រឹតបន្តឹង ក៏ដូចជា​បញ្ហា​ប្រឈម​នៃ​ជម្ងឺ​កូ​វីដ​១៩ ក្នុង​ឆ្នាំ​២០២១ ដោយ​ការ​ពិនិត្យមើល និង​ការកែសម្រួល​សកម្មភាព ព្រមទាំង​លទ្ធផល ទៅនឹង​ការប្រើប្រាស់​វិធីសាស្ត្រ​ផ្តល់ឱ្យ​ពី​ចម្ងាយ​បន្ថែមទៀត ដូចជា​ការរៀន​តាម​អ៊ី​ន​ធើ​ណែ​ត​ជាដើម​។​

​ប្រភព​ដដែល​នេះ​បាន​បញ្ចាក់​បន្ថែមថា​នៅក្នុង​គម្រោង​នេះ របាយការណ៍​នៃ​ការវាយតម្លៃ​ឯករាជ្យ ត្រូវបាន​ធ្វើឡើង​នៅ​ចន្លោះ​ខែមេសា ដល់​ខែមិថុនា ឆ្នាំ​២០២២ ជាមួយ​អ្នកឆ្លើយ​សំណួរ ១៥៦​នាក់ (​ស្រី ៥៦%) ហើយ​បាន​រកឃើញថា មាន​ភស្តុតាង​នៃ​ការយល់ដឹង​កាន់តែ​ប្រសើរឡើង​របស់​អ្នកទទួលផល ជាពិសេស​ចំណេះដឹង និង​ការយល់ដឹង​ទាក់ទង​នឹង​អាកប្បកិរិយា​បែបណា ដែល​បង្កើតជា​អំពើហិង្សា​លើ​កុមារ ក៏ដូចជា​រចនាសម្ព័ន្ធ​នៃ​ការរាយការណ៍ និង​ការឆ្លើយតប​។

​សម្រាប់ របាយការណ៍​នៃ​ការវាយតម្លៃ​ឯករាជ្យ​នេះ ក៏បាន​បង្ហាញ​ផងដែរ​ថា ការបណ្តុះបណ្តាល​ជុំវិញ​ការយល់ដឹង​អំពី​សៀវភៅ​ណែនាំ​ប្រតិបត្តិ ស្តីពី​កិច្ចការពារ​កុមារ​នៅក្នុង​សាលារៀន និង​បរិបទ​នៃ​ហិង្សា​លើ​កុមារ គឺ​ទទួលបាន​នូវ​ភាពជោគជ័យ​។ គម្រោង​នេះ​បាន​គាំទ្រ​សាលារៀន​ក្នុងការ​អភិវឌ្ឍន៍ និង​ធ្វើឱ្យ​ដំណើរការ​នូវ​ក្រមសីលធម៌​របស់​សាលា បញ្ជាក់​ពី​តួនាទី និង​ទំនួល​ខុសត្រូវ​ជុំវិញ​បញ្ហា​ហិង្សា​លើ​កុមារ និង​រៀបចំ​បន្ទប់​ប្រឹក្សា ព្រមទាំង​យន្តការ​ត្រួតពិនិត្យ និង​គណនេយ្យភាព​៕