ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ វេទិកា​សន្តិភាព​កម្ពុជា បាន​សំដែង​នូវ​ការគាំទ្រ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥ មិថុនា ឆ្នាំ​២០២២ កន្លងទៅនេះ ដែល​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន ត្រឹមត្រូវ ប្រកបដោយ បរិយាកាស​សេរី និង​យុត្តិធម៌ នៅក្រោម​លំហរ​នៃ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ដូច​បានចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​វេទិកា​សន្តិភាព​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ។

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​វេទិកា​សន្តិភាព​កម្ពុជា បានអោយដឹងថា តាំងពី​ចាប់ផ្ដើម​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត រហូតដល់​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង ក្រោយ​ថ្ងៃ​បោះឆ្នោត វេទិកា​សន្តិភាព​កម្ពុជា ពិនិត្យឃើញថា ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​បាន​ចូលរួម​តាម​និន្នាការ គណបក្សនយោបាយ​រៀងៗ​ខ្លួន និង​បាន​បោះឆ្នោត​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត ដោយ​គ្មាន​ការ​ភ័យ ខ្លាច គ្មាន​ការគំរាមកំហែង និង​ដោយ​ឆន្ទៈ​ពិតប្រាកដ​! ជាងនេះទៅទៀត ក្រោយ​ថ្ងៃ​បោះឆ្នោត​ប្រជាពលរដ្ឋ​ជា​ម្ចាស់ ឆ្នោត​បាន​រក្សា​ភាពស្ងប់ស្ងាត់ ចាំ​ស្តាប់​នូវ​លទ្ធផល នៃ​ការបោះឆ្នោត​ប្រកបដោយ​ភាពចាស់ទុំ និង​ថ្លៃថ្នូរ​។​

​វេទិកា​សន្តិភាព​កម្ពុជា លទ្ធផល​នៃ​ការបោះឆ្នោត​បានបង្ហាញ​ថា មាន​គណបក្សនយោបាយ​ចំនួន​៩ ដែល​ទទួលបាន​អាសនៈ​ក្រុម ប្រឹក្សា​ឃុំ សង្កាត់ ដែល​ក្នុងនោះ​គឺ គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​លទ្ធផល​នាំមុខ គណបក្ស​ចំនួន​៨ ទៀត​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​ជាង ៨០% ដែល​បាន​ចេញទៅ​បោះឆ្នោត បានសម្រេច​ចិត្ត​ដ៏ ត្រឹមត្រូវ​បំផុត​គឺ បោះឆ្នោត​ដើម្បី​ការពារ​សុខសន្តិភាព ស្ថេរភាព​សង្គម និង​ដើម្បី​ការអភិវឌ្ឍន៍​មូលដ្ឋាន​របស់ខ្លួន​ឲ្យ កាន់តែ​រីកចម្រើន​ប្រសើរឡើង​ថែមទៀត​។​

​ដោយ​ផ្អែកលើ​លទ្ធផល​ផ្លូវ​ការដែល​ប្រកាស​ដោយ (​គ​.​ជ​.​ប​) វេទិកា​សន្តិភាព​កម្ពុជា សូម​អំពាវនាវ​ដល់ គ្រប់​គណបក្សនយោបាយ​ទាំងអស់ ដែល​ទទួលបាន​អាសនៈ​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ត្រូវ​រួមគ្នា​បម្រើ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដែល​ខ្លួន​ឈ្នះ​ទទួលបាន​អាសនៈ​នោះ ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ឆន្ទៈ របស់​ម្ចាស់ឆ្នោត និង​អនុវត្តន៍​ឲ្យ​បាន​នូវ​គោលនយោបាយ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល ពិសេស​គោលនយោបាយ ភូមិ ឃុំ សុវត្ថិភាព និង​ការអភិវឌ្ឍន៍​នានា​ក្នុង​ឃុំ សង្កាត់ ដោយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រជា​ពីលើ​រដ្ឋ​ជា​ម្ចាស់ឆ្នោត​ខកចិត្ត​៕​