ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្លិបបាល់ទាត់វិសាខារបស់កម្ពុជាបានយកឈ្នះក្រុមម្ចាស់ផ្ទះ Bali United ក្នុងលទ្ធផល ៥-២ សម្រាប់ការប្រកួតទី២ ក្នុងពូល G នៃព្រឹត្តិការណ៍ AFC Cup 2022 នៅទឹកដីកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ម្សិលម៉ិញនេះ នេះ។
ក្រុម Bali United បានស៊ុតគ្រាប់បាល់នាំមុខក្រុមតំណាងកម្ពុជា ១គ្រាប់មុននៅនាទីទី៩ ដោយកីឡាករ Irfan Jaya។ ប៉ុន្ដែមុនបញ្ចប់វគ្គទី១វិសាខាបានស៊ុតបំប៉ោងសំណាញ់ទីក្រុម
ម្ចាស់ផ្ទះ ២គ្រាប់វិញដោយកីឡាករ Paulo Victor នៅនាទី១៧ និងការទាត់បាល់ហ្វ្រីឃីត របស់ខ្សែការពារ អ៊ុក សុវណ្ណ នៅនាទី៤៥។
វគ្គទី២ ក្រុម វិសាខា ធ្វើបានកាន់តែល្អ ដោយរកបាន ២គ្រាប់បន្ថែមទៀត ពីសំណាក់កីឡាករកូរ៉េខាងត្បូង Lee Jaegun នៅនាទី៥៥ និងកីឡាករ Paulo Victor នៅនាទី៦៣ Privat រកបាន ១គ្រាប់ឲ្យក្រុម Bali United វិញ នៅនាទី៨៥ ។ ប៉ុន្ដែមុនបញ្ចប់ការប្រកួត អ៊ុក សុវណ្ណ បានស៊ុតបន្ថែម ១គ្រាប់ទៀត ដើម្បីធានា ៣ពិន្ទុជូនក្រុមតែម្ដង ។
ក្រុមវិសាខាពេលនេះ ឈរកំពូលតារាងពូល G ជាបណ្ដោះអាសន្ន ហើយក៏មានឱកាសច្រើន ដើម្បីឡើងទៅជុំបន្ទាប់ ក្រោយរកបាន ៦ពិន្ទុពេញ ពីជ័យជម្នះ ២ប្រកួតផ្ទួនៗ ខណៈប្រកួតដំបូង គឺក្រុមវិសាខា បានយកឈ្នះក្រុមហ្វីលីពីន Kaya FC ដោយលទ្ធផល ២-១ ។
យ៉ាងណាក្ដី វិសាខា នៅសល់ការប្រកួត ១ប្រកួតទៀត ដោយត្រូវជួបក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី នាថ្ងៃទី៣០ ខែមិថុនាខាងមុខ នៅប្រទេសឥណ្ឌូនេស៊ីដដែល ៕