ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​អញ្ជើញ​អ្នកជំនាញ​ផ្នែក​រទេះ ពី​ប្រទេស​ថៃ មក​វាស់ និង​កាត់​រទេះ​កម្រិតស្តង់ដា​ជូន​អត្ត​ព​លិ​ក​ប្រណាំង​រទេះ និង​កីឡាបាល់បោះ​ជិះរទេះ​កម្ពុជា​ដើម្បី​ត្រៀមខ្លួន​ឲ្យ​កាន់​តែមាន​គុណភាព​សម្រាប់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​កាន់តែ​ខិត​កៀក​មក​ជិត​ដល់​។​ កីឡា​ជនពិការ​សក្តានុពល​២​ប្រភេទ​គឺ​អត្ត​ព​លិ​ក​ប្រណាំង​រទេះ​និង​កីឡាបាល់បោះ​ជិះរទេះ​ទទួល​បានការ​វាស់​និង​កាត់​រទេះ​ថ្មី​សម្រាប់​ត្រៀមខ្លួន​ឲ្យ​បានល្អ​ក្នុងការ​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ទីក្រុង សូ​ឡូ ប្រទេស​ឥណ្ឌូណេស៊ី​។​

​លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​ឲ្យ​ដឹងថា​ចំពោះ​ការត្រៀមខ្លួន​ឲ្យ​បានល្អ​សម្រាប់​ប្រភេទ​កីឡា​នីមួយៗ​ជាពិសេស​កីឡា​សក្តានុពល ក្នុងការ​ដណ្តើម​មេដាយ​ជូន​ជាតិ ពី​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១​នេះ ។​​រទេះ​ដែល​ផ្តល់ជូន​នេះ​សុទ្ធសឹង​ជា​អត្ត​ព​លិ​ក​ត្រៀម​ដណ្តើម​មេដាយ​ជូន​កម្ពុ​ជានា​ទីក្រុង​សូ​ឡូ​ខាងមុខនេះ ហើយក៏​ក្លាយជា​ទុន​មួយ​បន្ត​ត្រៀម​ប្រកួត ក្នុង​ព្រឹ​ត្ត​ការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នា​ឆ្នាំ​២០២៣ នៅ​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។​

​លោក​អគ្គលេខាធិការ បន្តថា រទេះ​ដែល​កម្ពុជា​ត្រូវការ​ប្រហែល​ជាង​៤០​គ្រឿង ដោយ​ទទួលបាន​ការឧបត្ថម្ភ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​មិត្ត​ថៃ ដែល​មានបំណង​ជួយឧបត្ថម្ភ​ខ្លះ ដោយសារ​រទេះ​កីឡាករ​ជនពិការ ដូចជា វ៉ាន វុន ធ្លាប់​ឈ្នះ​មេដាយ​មាន​សភាព​ចាស់​ពុក​និង​បាក់​ដែល​ផ្សារ​មិនជា​ប់​ធ្វើ​ឲ្យ​កីឡាករ​ពិបាក​ក្នុងការ​ហ្វឹកហាត់ និង​ប្រកួត​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នាទី​ក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី គ្រោង​នឹងធ្វើ​ចាប់ពី​ថ្ងៃទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​០៦ ខែសីហា ដោយមាន​១៤​ប្រភេទ​កីឡា និង​មាន​អត្ត​ព​លិ​ក ប្រតិភូ គ្រូបង្វឹក បណ្តា​ប្រទេស​ក្នុង​តំបន់​ជាង ២០០០​នាក់​ចូលរួម ខណៈ​កម្ពុជា​បាន​ត្រៀម​១១​ប្រភេទ​កីឡា និង​អត្ត​ព​លិ​ក ប្រតិភូ​សរុប ១៥៤​នាក់ និង​ប្រតិភូ CAMSOC មួយចំនួនទៀត ដែល​សិក្សា​យក​បទពិសោធន៍ ពី​ការរៀបចំ ត្រៀម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​កម្ពុជា​៕​