ដោយ: សុខុម/ស្ទឹងត្រែង: រថយន្តបែនដឹកដីបុកម៉ូតូបណ្ដាលឱ្យយុវតីចំនួន៣នាក់បានស្លាប់។ ភ្លាមនោះពីរនាក់ស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។ គ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងនៅចំណុចដុងតាដាំ ភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាយុវតីទាំងបីនាក់គឺជាបងប្អូនបង្កើត ទី១. ឈ្មោះស៊ី ម៉ាលីសាន់ អាយុ២៣ ឆ្នាំ។ ទី២. ឈ្មោះស៊ី លីដា អាយុ១៧ឆ្នាំ និងទី៣ ឈ្មោះស៊ី កញ្ញា អាយុ១៦ឆ្នាំ។ អ្នកទាំងបីរស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តដឹកដីដែលមានសរសេរឈ្មោះ លន់ សុផែង នៅពីមុខក្បាលរថយន្តបើកបរក្នុងទិសដៅពីលិចទៅកើត។រីឯក្មេងស្រីបីនាក់ជិះម៉ូតូឌុបគ្នាមានទិសដៅពីកើតមកលិច។ពេលទៅដល់ចំណុចកើតហេតុរថយន្តពីរគ្រឿងបានវ៉ាជែងបញ្ច្រាស់ទិសគ្នា។ភ្លាមនោះម៉ូតូក៏បានវ៉ារថយន្តដូចគ្នាតែជ្រុលចង្កូតចំរថយន្តមកពីមុខច្រាសទិសគ្នាពេលកំពុងវ៉ាជែងបុកពេញទំហឹងអូសចំងាយជាច្រើនម៉ែត្របណ្ដាលអោយបាត់បង់ជីវិតទាំងបីនាក់៕