ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​: ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ​ដាំ​ត្រាវ​លក់ បានបង្ហាញ​នូវ​ក្តីសប្បាយ​រីករាយ នៅពេលដែល​មើមត្រាវ​មាន​តម្លៃនៅលើទីផ្សារ ។​

​ជួប​ជាមួយ​កសិករ​មួយរូប ឈ្មោះ សំអាន មាន​ទីលំនៅ​ក្នុង​ភូមិក​ណ្តា​ល សង្កាត់​ផ្សារឆ្នាំង ក្រុង​និង​ខេត្តកំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​២៧ ខែ ខែមិថុនា ឆ្នាំ​២០២២​នេះ បានឱ្យដឹងថា  គាត់​ រួមនឹងកសិករប្រាំគ្រួសារ​ផ្សេងទៀត ដែល​នៅលើ​ខ្នង​កោះ​តាម​ដង​ទន្លេ បានចាប់ផ្តើម​ដាំ​ត្រាវ​រយៈពេល​យូរ​ឆ្នាំ​ហើយ ដោយ​កាលនោះ​មើមត្រាវ​បាន​ថ្លៃ​ដែរ​ទើប​ដាំ​រហូតដល់​សព្វថ្ងៃ​។​

​កសិករ​រូបនេះ​បានឱ្យដឹង​ទៀតថា​ការបូមទឹក​ដាក់​ត្រាវ ត្រូវ​ចំណាយ​ប្រេងម៉ាស៊ូត​៧​ប៊ីដុង ហើយ​មួយ​ប៊ីដុង តម្លៃ​១៧០.០០០​រៀល ដោយឡែក​ប៉ុន្មាន​ឆ្នាំមុន​មើមត្រាវ​មានតម្លៃ​ថោក​ដោយ មួយ​គីឡូ​តម្លៃ ១.៧០០​រៀល ទៅ ២.០០០​រៀល តែ​ឆ្នាំនេះ​មើមត្រាវ​មាន​តម្លៃនៅលើទីផ្សារ​ដោយ​មួយ​គីឡូ​តម្លៃ ៣.៨០០​រៀល ដែល​ធ្វើអោយ​ពួកគាត់​សប្បាយ​រី​រាយ​ក្នុងការ​ប្រមូល​ផលដំណាំ​។ ត្រាវ​ដែល​ពួកគាត់​ដាំ​បាន​គាត់​ដឹក​យកទៅ​បោះ​អោយ​មូ​យ​ដុំ​ចាំ​ទទួល​ទិញ​នៅ​ផ្សារ​នាគ​មាស​ក្រុងភ្នំពេញ​។​

​គាត់​បាន​អោយដឹងទៀតថា​សូម្បីតែ​ថ្នាំ​សម្លាប់​សត្វល្អិត ជី និង​ប្រេង សុទ្ធតែ​ថ្លៃ​ទាំងអស់ ដែល​ធ្វើអោយមាន​ផលប៉ះពាល់​ដល់​ពួកគាត់ ព្រោះ​ត្រូវ​ចំណាយ​ច្រើន តែ​លក់បាន​តម្លៃ​ទាប ប៉ុន្តែ​ទោះជា​យ៉ាងណា​គាត់​នៅតែ​ដាំ​ព្រោះ​ជា​របរ​នៅ​ជិត​ផ្ទះ​ជុំ​គ្រួសារ​មិន​ធ្វើការ​ចំណាកស្រុក ។​

​គាត់​បាន​អោយដឹងទៀតថា​មុខរបរ​ដាំ​ត្រាវ​នេះ​មិនមែន​មានតែ​ពួគគាត់​៦​គ្រួសារ​នេះ​ទេ​នៅមាន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​ដែលមាន​ដីចំការ​នៅលើ​ខ្នង​កោះ​តាម​មាត់ទន្លេ​ឆ្ងាយៗ​ក្នុង​ខេត្តកំពង់ឆ្នាំង​៕​