ដោយ​: ស​រិ​ទ្ធ​/​ភ្នំពេញ​: បុរស​ម្នាក់​ត្រូវបាន​នគរបាល​ចរាច​រណ៍​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ល្មើសច្បាប់​ចរាចរណ៍ និង​មិន​ស្តាប់​ការអប់រំ​ណែនាំ របស់​សមត្ថកិច្ច ព្រមទាំង​យក​ខ្សែក្រវ៉ាត់​វាយ​ចំ​សមត្ថកិច្ច​បន្ថែមទៀត ។​

​ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច គោលដៅ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍ ស្តុ​ប ស្ពានដែក ចំការ​ដូង តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ មូលដ្ឋាន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា បុរស​បង្កហេតុ​មានឈ្មោះ ប៊ូ សុខ​មាន មុខរបរ​កម្មករសំណង់ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ បាន​បើកបរ​ល្មើសច្បាប់​ចរាចរណ៍ ដោយ​មិន​ពាក់មួក​សុវត្ថិភាព​នៅពេល​បើកបរ លុះ​សមត្ថកិច្ច​ធ្វើការ​ឃាត់ ដើម្បី​ណែនាំ​អប់រំ បែរជា​មិន​ស្តាប់ ថែមទាំង​ជេរ​ប្រមាទមើលងាយ និង​យក​ខ្សែក្រវ៉ាត់​វាយ​សមត្ថកិច្ច​ថែម​ទៀតផង​។

​ដោយ​ឃើញ​សកម្មភាព​ប្រើ​អំពើហិង្សា​មកលើ​សមត្ថកិច្ច​ដូច្នេះ មន្ត្រី​នៅ​គោលដៅ​អនុវត្ត​ច្បាប់​ក៏​ធ្វើ​ការចាប់​ឃាត់ខ្លួន យកមក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕