​ដោយ​: ស​រិ​ទ្ធ​/​ភ្នំពេញ​: កាលពី​ព្រលប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ តុលាការ បាន​ឃុំខ្លួន​ជំនួយការ​ឧកញ៉ា​ម្នាក់​ពាក់ព័ន្ធ​ពីបទ រំលោភ​លើ​ទំនុកចិត្ត និង​ឆបោក​លើទឹក​ប្រាក់​ប្រមាណ​ជាង​២១​ម៉ឺន​ដុល្លារ​អាមេរិក ។​

​ជំនួយការ​ឧកញ៉ា​រូបនោះ មានឈ្មោះ យឹ​ង សារ៉ាត់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ។​

​ទាក់ទិន​នឹង​ការឃាត់ខ្លួន​ជំនួយការ​ឧកញ៉ា​បញ្ជូនទៅ​តុលាការ​នោះ ត្រូវបាន​សមត្ថកិច្ច​ប​ង្ហើ​ប​ឲ្យ​ដឹងថា នៅក្នុង​អំឡុង​ឆ្នាំ​២០២១ ដើមបណ្តឹង​បាន​បើក​ក្រុមហ៊ុន​មួយ ដោយ​តម្រូវ​ឲ្យ​ឈ្មោះ យឹ​ង សារ៉ាត់ ដែលជា​ជំនួយការ​ឧកញ៉ា ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាច្រើន​នាក់ ដើម្បី​ឲ្យ​ចូល​បម្រើ​ការងារ​តាម​ផ្នែក​តាម​ជំនាញ​ដែល​ក្រុមហ៊ុន​ត្រូវការ ។ បន្ទាប់មក​ឈ្មោះ យឹ​ង សា​រ៉ា​ត ក៏បាន​ជ្រើសរើស​បុគ្គលិក​បាន​មួយចំនួន​ឲ្យ​ចូលធ្វើ​ការងារ​ពិតប្រាកដ និង​បើក​ប្រាក់ខែ​តាម​ការកំណត់ ។​
​ប៉ុន្តែ​ក្រោយមក ក្រុមហ៊ុន​បាន​រកឃើញ​ការដឹកនាំ និង​ការគ្រប់គ្រង ចាត់ចែង លើ​បុគ្គលិក ដោយមាន​ភាពអនាធិបតេយ្យ​របស់​ឈ្មោះ យឹ​ង សារ៉ាត់ ធ្វើ​របាយការណ៍​មិន​ត្រឹមត្រូវ ភូតកុហក​ក្រុមហ៊ុន ជាពិសេស​មាន​បុគ្គលិក (​ខ្មោច​) ដូចជា តៃ​កុឡា​ន ព្រូឡាន ឈ្មោះ​ខ្លះ​ឈប់ ខ្លះ​មិន​ចូលធ្វើការ នៅតែ​បើកប្រាក់​ខែ​ពី​ក្រុមហ៊ុន ដែល​ក្រុមហ៊ុន​ត្រូវបាន​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ​ក្នុង​មួយខែ​ឲ្យ​ទៅ​ឈ្មោះ យឹ​ង សារ៉ាត់ សម្រាប់​បើកប្រាក់​ខែ​ឲ្យ​បុគ្គលិក​នោះ ។​

​ទីបំផុត​នៅពេល​គណនេយ្យ​ក្រុមហ៊ុន​បិទ​បញ្ជីចំណូល​ចំណាយ​ប្រចាំខែ ដើម្បី​រាយការណ៍​ជូន​ឧកញ៉ា​ម្ចាស់​ក្រុមហ៊ុន ទើប​ដឹង​ពី​ការបាត់បង់​ថវិកា​នោះ លុះ​ពេល​ស្រាវជ្រាវ​ទៅ​ក៏​ធ្លា​ក់លើ​ជំនួយការ​ឧកញ៉ា ជា​អ្នក​កិបកេង និង​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ តាម​រូបភាព​ជ្រើសរើស​បុគ្គលិក​ខ្មោច ដែល​ម្ចាស់​ក្រុមហ៊ុន​ទុកចិត្ត​ជំនួយការ មិនបាន​តាមដាន​ឲ្យ​ដិតដល់ ។​

​តែបើ​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​វិញ​បានឱ្យដឹងថា ការចោទប្រកាន់​ខាងលើ​នេះ គឺ​មិន​ពិត​ទេ ខ្លួន​ត្រូវបាន​ឧកញ៉ា ចាត់តាំង​ឲ្យ​ធ្វើជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ការជ្រើសរើស និង​គ្រប់គ្រង​បុគ្គលិក​មុន​ចូល​បម្រើ​ការងារ គឺ​សុទ្ធតែ​ឆ្លងកាត់​ការសម្ភាសន៍​ជាមួយ​ក្រុមប្រឹក្សាភិបាល និង​ធនធានមនុស្ស​របស់​ក្រុមហ៊ុន រួច​បញ្ជូនទៅ​ឧកញ៉ា​ថៅកែ​ក្រុមហ៊ុន​ពិនិត្យ​សម្រេច ដើម្បី​មានឈ្មោះ​សម្រាប់​បើកប្រាក់​ខែ និង​មិន​ធ្វើ​អ្វី​តាមចិត្ត​ទេ ៕