ប្រែ​សម្រួលៈបំណង(ST)៖ប្រជាជន​បារាំង​គួរ​ចាប់ផ្តើម​ពាក់​ម៉ាស់​ជា​ថ្មី​នៅក្នុង​តំបន់​មាន​មនុស្ស​ច្រើនៗ ជាពិសេស​តាម​គមនាគមន៍​សាធារណៈ នៅពេល​បារាំង​ត្រូវ​ប្រឈម​ដោះស្រាយ​ការ​ឆ្លងកូវី​ដ​១៩​នៅ​រលក​ថ្មី​មួយ​​បង្កឡើង​ដោយ​វីរុស​បំ​ប្លែងខ្លួន​ថ្មី នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋ​មន្ត្រី​សុខាភិបាល​លោកស្រី ព្រី​ហ្ស៊ី​ត ប៊ួ​ហ្គី​ញ៉ុង​(Brigitte Bourguignon)​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​មិថុនា​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​លោកស្រី ព្រី​ហ្ស៊ី​ត ប៊ួ​ហ្គី​ញ៉ុង

​លោកស្រី​បាន​ប្រាប់​សារព័ត៌មាន​RTL​ថា «​ខ្ញុំ​មិន​ចង់​និយាយ​ថា វា​គួរ​ជា​កាតព្វកិច្ច​ធ្វើ​ដូច្នេះ​ទេ តែ​ខ្ញុំ​ស្នើសុំ​ប្រជាជន​បារាំង​ពាក់​ម៉ាស់​នៅតាម​គមនាគមន៍​សាធារណៈ​។​វា​ជា​ភារកិច្ច​ពលរដ្ឋ​ក្នុងការ​ធ្វើ​ដូច្នេះ​។​​ខ្ញុំ​មិន​ឃោសនា តែ​ស្នើសុំ​អោយធ្វើ​ដូច្នេះ​»​។​

​បារាំង​កាលពី​ថ្ងៃ​ចន្ទ​បាន​រាយការណ៍​ការ​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១៧.៦០១​នាក់​នៅ​២៤​ម៉ោង​កន្លងទៅ ជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​គិត​ចាប់តាំងពី​ថ្ងៃ​១៨​មេសា​ឆ្នាំ​២០២២​។​​ចំនួន​អ្នកជំងឺកូវីដ​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​មានចំនួន​៤៨​នាក់ នាំ​អោយ​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​សរុប​នៅ​បារាំង​ឡើងដល់​១៤៩.៤០៦​នាក់​។​

​កាល​ពី​ប្រាំ​ថ្ងៃមុន ប្រធាន​ផ្នែក​វ៉ាក់សាំង​បារាំង​លោក អា​ឡាំង ហ្វី​សសឺ​( Alain Fischer)​បាន​អះអាង​ថា ប្រទេស​បារាំង​កំពុង​នៅ​ចំ​កណ្តាល​នៃ​ការ​ឆ្លងកូវី​ដ​១៩​រលក​ថ្មី​មួយ ដូច​នៅក្នុង​ប្រទេស​អឺរ៉ុប​​ដទៃ​ទៀត​ដែរ និង​ថា​លោក​គាំទ្រ​ការពាក់​ម៉ាស់​ជា​កាតព្វកិច្ច​នៅតាម​គមនាគមន៍​សាធារណៈ​ឡើងវិញ​។​

​ការឆ្លង​ថ្មី​នៅ​បារាំង​បាន​កើនឡើង​ថេរ​ចាប់តាំងពី​ចុងខែ​ឧសភា​ដោយ​ចំនួន​ឆ្លង​ជា​មធ្យម​ក្នុង​មួយ​សប្តាហ៍​កើន​មួយ​ជា​បួន ពី​ចំនួន​១៧.៧០៥​នាក់​មក​ដល់​៧១.០១៨​នាក់​រវាង​ថ្ងៃ​២៧​ឧសភា មកដល់​ថ្ងៃ​​ចន្ទ​ទី​២៧​មិថុនា​។​ទោះជា​កើន​ខ្លាំង តែ​វានៅ​ទាប​ជាង​ចំនួន​ឆ្លង​៣៦៦.១៧៩​នាក់​ក្នុង​មួយ​សប្តាហ៍​កាលពីដើមឆ្នាំ​។​

ចំនួន​អ្នកជំងឺ​កូវី​ដ​ចូលដេក​ពេទ្យ​បាន​ធ្លាក់ចុះ​ទាប​បំផុត​ក្នុង​រយៈពេល​៦​ខែ​មក​នៅត្រឹម​១៣.៨៧៦​នាក់​កាលពី​ថ្ងៃ​១៨​មិថុនា​តែ​ចាប់តាំងពី​ពេលនោះ​មក​បាន​កើន​១.២២៣​នាក់ មក​​ដល់​១៥.០៩៩​នាក់ ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​រយៈពេល​មួយ​ខែ​មកនេះ​៕

​ការ​ឆ្លងកូវី​ដ​១៩​ថ្មី​នៅ​បារាំង​កើនឡើង​ថេរ​ចាប់តាំងពី​ចុងខែ​ឧសភា នាំអោយ​មាន​ការ​សម្លឹង​ទៅរក​ការ​តំរូវ​អោយ​ពាក់​ម៉ាស់​នៅតាម​គមនាគមន៍​សាធារណៈ​