ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣(CAMSOC) បាន​ផ្ដល់នូវ​យន្ដការ​សំខាន់ៗ​ដល់​សហព័ន្ធ​បាល់បោះ​រទេះ​​ជនពិការ​កម្ពុជា​ដើម្បី​ជំរុញ​ការរៀបចំ និង​ការអភិវឌ្ឍ​ត្រៀម​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ។​

​នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​សហព័ន្ធ​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជា​និង​ការបង្ហាញ​ក្រុម​កីឡាករ កីឡាការិនី​ជនពិការ​បាល់បោះរ​ទេះជ​ម្រើ​ស​ជាតិ​កម្ពុជា​សម្រាប់​ត្រៀម​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​ទីស្នាក់ការ​កណ្ដាល Prince Holding Group នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា​ន​ម្សិល​ម៉ិ​ញ​នេះ ក្រោម​អធិបតីភាព​លោក លី ធុជ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​អាជ្ញាធរ​មីន​បន្ទាប់ពី​លោក​ទេសរដ្ឋមន្ដ្រី​សម្រេចចិត្ត​ចូលរួម​​ដឹកនាំ និង​ធ្វើជា​ប្រធាន​សហព័ន្ធ​នេះ​។​

​លោក វ៉ា​ត់ ចំរើន បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ការស្ម័គ្រចិត្ត​ចូលរួមចំណែក និង​ដឹកនាំ​សហព័ន្ធ​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជា របស់លោក​ទេសរដ្ឋមន្ដ្រី លី ធុជ ពិសេស​ការប្ដេជ្ញាចិត្ត​ជំរុញ​ការអភិវឌ្ឍ ដើម្បី​ត្រៀម​ឆ្ពោះទៅ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​បាន​ត្រៀម​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ឬ​កីឡា​ជនពិការ​ចំនួន ១២​ប្រភេទ ក្នុងនោះ​ក៏មាន​ប្រភេទ​កីឡា​ជា​ក្រុម គឺ​កីឡាបាល់បោះ​រទេះ​ជនពិកា​រ​នេះដែរ​។​

​ក្នុង​យុទ្ធនាការ​នៃ​ការត្រៀម​រៀបចំ​របស់​សហព័ន្ធ​ខាងលើ​នេះដែរ​លោក​បានផ្ដល់​នូវ​យន្ដការ​សម្រាប់ធ្វើ​ការរៀបចំ ដែល​សហព័ន្ធ​ត្រូវ​ទទួលខុសត្រូវ​លើ​តួនាទី ២​សំខាន់ៗ រួមមាន​៖

​ទី​១៖ សហព័ន្ធ​ត្រូវ​ទទួលខុសត្រូវ​ក្នុងការ​រួមចំណែក​រៀប​ចំការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ ឲ្យ​បាន​ជោគជ័យ មានន័យថា ការរៀបចំ​ការប្រកួត​ស្ថិតនៅលើ​សហព័ន្ធ​។ ដូច្នេះ សហព័ន្ធ​ត្រូវមាន​ធនធានមនុស្ស​គ្រប់គ្រាន់ និង​មាន​លក្ខណៈសម្បត្តិ​ជំនាញ​គ្រប់គ្រាន់ ដើម្បី​ជួយ​រៀបចំ​ការប្រកួត មាន​តាំងពី​អាជ្ញាកណ្ដាល ចៅក្រម មន្ដ្រី​បច្ចេកទេស​ផ្សេងៗ ដើម្បី​ចូលរួម​ជាមួយ ហើយ​បើ​ខ្វះខាត ត្រូវ​សហការ​ជាមួយ​សហព័ន្ធ​បាល់បោះ​កម្ពុជា ដើម្បី​រួមគ្នា​ធ្វើ​ឲ្យ​ការប្រកួត​នេះ ប្រព្រឹត្តិ​ទៅដោយ​ជោគជ័យ​។​

​ទី​២៖ ការអភិវឌ្ឍ​កីឡាករ​-​កីឡាការិនី​ជនពិការ ទាំង​បុរស និង​នារី (​បើសិន​ជាមាន​) ដោយ​ត្រូវ​លើកកម្ពស់​ការអភិវឌ្ឍ​បច្ចេកទេស មានន័យថា ធ្វើយ៉ាងណា​ឲ្យ​កីឡាករ​-​កីឡា​រិ​នី​ជាតិ​របស់​យើង ក្នុងនាម​ម្ចាស់ផ្ទះ ត្រូវតែមាន​ឧត្ដមភាព​មួយ​ច្បាស់លាស់ ហើយ​អាច​ឈានទៅរក​ជ័យលាភី​បាន ក្នុង​កិត្តិយស​ជា​ម្ចាស់ផ្ទះ​របស់​យើង​។​

​លោក​បាន​ពន្យល់ថា​ក្នុងនាម​ម្ចាស់ផ្ទះ​ត្រូវមាន​កម្រិត​បច្ចេកទេស​មួយ​ដែល​ទទួលបាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​មហាជន ពិសេស​ផ្ដល់​ការលើកទឹកចិត្ត​ដល់​ជនពិការ​ទាំងអស់​។ រឿង​ចាញ់​-​ឈ្នះ ជា​រឿង​ធម្មតា​ក្នុង​កីឡា​។​

​ក្នុងការ​ប្រកួត គ្មាន​នរណា​ណា​ចង់​ចាញ់​ទេ​។ ហេតុនេះ ក្នុងនាម​ម្ចាស់ផ្ទះ ត្រូវមាន​សមត្ថភាព​រៀ​ប​ចំការ​ប្រកួត​ឲ្យ​បានល្អ​និង​ទទួលភ្ញៀវ​ឲ្យ​បានល្អ​ស្របតាម​ស្ដង់ដារ​កីឡា គោរព​បទបញ្ជា​ការប្រកួត ដើម្បី​ស្វែងរក​ឧត្តមភាព​ក្នុងការ​ប្រកួតប្រជែងរ​បស់​ខ្លួន​។​
​ក្នុងនាម​គណៈកម្មាធិកា​រ​ជាតិ CAMSOC ឯកឧត្តម​អគ្គលេខាធិការ​បន្ថែមថា នឹង​ពិនិត្យមើល​លទ្ធភាព ដើម្បី​ជួយ​ដល់​ការរៀបចំ និង​ការអភិវឌ្ឍ​កីឡាករ​-​កីឡាការិនី ដល់​សហព័ន្ធ​កីឡា​ជាតិ ពិសេស​កីឡា​ជនពិការ ស្របតាម​អនុសាសន៍​ណែនាំ និង​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC៕​