​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាវា​ទំនើប​តម្លៃ ៣២៥ លាន​ដុល្លារ​ដែល​អាម៉េរិក​រឹបអូស​បាន​ពី​មហាសេដ្ឋី​រុស្ស៊ី​ជាប់​ទណ្ឌកម្ម​ម្នាក់ បាន​មកដល់​ឆកសមុទ្រ​សាន់​ឌី​ហ្គោ (San Diego)​កាលពី​ថ្ងៃ​​ចន្ទ​ទី​២៧​មិថុនា​។​

​នាវា Amadea​ប្រវែង ១០៦ ម៉ែត្រ បាន​បង្ហូតទង់ជាតិ​អាម៉េរិក នៅពេល​វា​បើក​កាត់​នាវា​ផ្ទុក​យន្តហោះ​ចូលនិវត្តន៍ USS Midway និង​នៅ​ក្រោម​ស្ពាន Coronado ។​

​ក្រសួង​យុត្តិធម៌​បាន​និយាយថា នាវា Amadea បាន​ចូល​ចត​ដោយ​សុវត្ថិភាព បន្ទាប់​ពី​ការធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​ចម្ងាយ ៨.០៤៧ គីឡូម៉ែត្រ​”​ហើយ​នឹង​បន្ត​ស្ថិតក្រោម​ការ​ឃុំឃាំង​របស់​រដ្ឋាភិបាល​​អាម៉េរិក ដោយ​រង់ចាំ​ការ​រឹបអូស​ជា​ផ្លូវការ​និង​ការលក់​ឡៃ​ឡុង​”​។​

​ការិយាល័យ​FBI បាន​ផ្សារភ្ជាប់​នាវា Amadea ទៅ​នឹង​មហាសេដ្ឋី​រុស្ស៊ី​លោក ស៊ូ​ឡី​ម៉ាន់ កេរី​ម៉ូវ (Suleiman Kerimov) ហើយ​នាវា​នេះ​បាន​ក្លាយជា​គោលដៅ​នៃ​ក្រុមការងារ​ឈ្មោះថា Task Force KleptoCapture ដែល​បាន​ដាក់​ដំណើរការ​នៅ​ខែ​មីនា​ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​រុស្ស៊ី​ក្នុង​បំណង​ដាក់​សម្ពាធ​លើ​រុស្ស៊ី​ឱ្យ​បញ្ចប់សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា លោក​កេរី​ម៉ូវ​បាន​ទិញ​នាវា​នេះ​ដោយ​សម្ងាត់​កាលពី​ឆ្នាំមុន​តាមរយៈ​ក្រុមហ៊ុន​អសកម្ម​ផ្សេងៗ​ជាច្រើន​។​

​សហរដ្ឋ​អាម៉េរិក​បានឈ្នះ​ការតស៊ូ​ផ្លូវច្បាប់​ក្នុងប្រទេស​ហ្វី​ជី​ដើម្បី​យក​នាវា​ដោត​ទង់ជាតិ​កោះ​ខេ​មែន (Cayman) នេះ​នៅ​ដើមខែ​មិថុនា​។ នាវា Amadea បាន​ឈប់​សំចត​នៅ​កំពង់ផែ​ហូ​ណូ​លូ​លូ (Honolulu) តាមផ្លូវ​ឆ្ពោះ​មកកាន់​សហរដ្ឋ​អាម៉េរិក​ដីគោក​៕

​នាវា Amadea បាន​ចូល​ចត​ដោយ​សុវត្ថិភាព​នៅ​ឆកសមុទ្រ​សាន់​ឌី​ហ្គោ បន្ទាប់​ពី​ការធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​ចម្ងាយ ៨.០៤៧ គីឡូម៉ែត្រ