ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមនិយតករបាននិយាយកាលពីថ្ងៃចន្ទ ទី២៧ មិថុនាថា ក្រុមហ៊ុនអគ្គិសនីផ្តាច់មុខរបស់រដ្ឋស្រីលង្កា ដែលខាតបង់យ៉ាងធ្ងន់ធ្ងរបានស្នើសុំឱ្យមានការដំឡើងថ្លៃដ៏គួរឱ្យភ្ញាក់ផ្អើលជាង ៨០០ ភាគរយសម្រាប់អតិថិជនក្រីក្របំផុតរបស់ខ្លួន ខណៈប្រទេសក្ស័យធននេះបានអស់ប្រេងឥន្ធនៈប្រើទៅហើយ។
ប្រទេសអាស៊ីខាងត្បូងមួយនេះត្រូវបានវាយសំពងដោយវិបត្តិរូបិយប័ណ្ណបរទេស ដែលធ្វើឱ្យប្រទេសខ្វះខាតប្រាក់ដុល្លារយ៉ាងខ្លាំងសម្រាប់ការនាំចូលទំនិញផ្សេងៗ រួមទាំងប្រេងសម្រាប់ផលិតអគ្គិសនីនិងសម្រាប់ការដឹកជញ្ជូន។
គណៈកម្មាធិការប្រើប្រាស់ថាមពលសាធារណៈនៃប្រទេសស្រីលង្កា (PUCSL)បាននិយាយថា ក្រុមប្រឹក្សាភិបាលអគ្គិសនីសីឡុន (Ceylon)ហៅកាត់ CEB បានខាតបង់ ៦៥ ពាន់លានរូពី (១៨០លានដុល្លារ) នៅក្នុងត្រីមាសទីមួយ ហើយបានស្វែងរកការដំឡើងថ្លៃ ៨៣៥ ភាគរយសម្រាប់អ្នកប្រើប្រាស់ថាមពលតូចបំផុតរបស់ខ្លួន ដែលកំពុងធ្លាក់ចុះយ៉ាងខ្លាំង។
បច្ចុប្បន្ន អ្នកណាដែលប្រើប្រាស់ថាមពលតិចជាង ៣០ គីឡូវ៉ាត់ក្នុងមួយខែ ត្រូវបង់ ៥៤,២៧ រូពីក្នុងមួយគីឡូវ៉ាត់ ដែល CEB ស្នើសុំដំឡើងដល់ ៥០៧,៦៥ រូពី។
ប្រធាន PUCSL លោក ចាណាកា រ៉ាតណាយ៉ាកេ (Janaka Ratnayake)បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកូឡុំបូថា”អ្នកប្រើប្រាស់ក្នុងស្រុកភាគច្រើននឹងមិនអាចមានលទ្ធភាពសម្រាប់ការដំឡើងថ្លៃដ៏ខ្ពស់នេះបានទេ។ហេតុដូច្នេះ យើងបានស្នើឱ្យមានការឧបត្ថម្ភធនដោយផ្ទាល់ពីរតនាគារ ដើម្បីរក្សាការដំឡើងថ្លៃនេះឱ្យតិចជាងពាក់កណ្តាលនៃអ្វីដែលពួកគេបានស្នើសុំ”៕
អ្នកបើកម៉ូតូរង់ចាំចាក់សាំងនៅតាមស្ថានីយប្រេងចំពេលមានវិបត្តិប្រេងនៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កាកាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០២២