​ដោយ​៖ ដេប៉ូ / កំពង់ស្ពឺ​៖ តំបន់​តេ​ទឹក​ពុះ គឺជា​ទីកន្លែង​កម្សាន្ត​មួយ ស្ថិតនៅ​ក្នុងភូមិ​កោ​ដូនតី ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ហើយក៏​ជាទី​តាំងរបស់​បងប្អូន ជនជាតិដើម​ភាគតិច សួយ រស់នៅ​ទីនោះ​ដែរ​។​

​ក្រសួងបរិស្ថាន បានបង្ហាញ​ពី​ប្រវត្តិ នៃ​ទីតាំង​តំបន់​មួយកន្លែង​នេះ ដែល​បញ្ជាក់​ពី​ប្រវត្តិ និង​សក្តានុពល​ធនធានធម្មជាតិ ហើយក៏​ជា​តំបន់​ទេសចរណ៍ គួរ​ជាទី​ទាក់ទាញ ផងដែរ​។​

​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង ៦០ គីឡូម៉ែត្រ ពី​ទីរួមខេត្ដ​កំពង់ស្ពឺ តំបន់​តេ​ទឹក​ពុះ ខណៈ​នេះ បានប្រែក្លាយ​ខ្លួន ជា​កន្លែង​ដែលមាន​លក្ខណៈពិសេស ដោយសារ​មានទឹក​ពុះ ពី​ធម្មជាតិ និង​មាន​ភាព​ទាក់ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ។​

​ពាក់ព័ន្ធ​ប្រវត្តិ​តេ​ទឹក​ពុះ​នេះ មានរឿង​តំណាល​ថា ដើមឡើយ មាន​សេដ្ឋី​មួយរូប មាន​មាស​ប៉ុន ដូងទុំ គឺជា​អ្នកមាន​ប្រចាំ​តំបន់​តេ​។ សេដ្ឋី​រូបនោះ មានកូន​ពីរ​នាក់ ប្រុស​១ ស្រី​១ ដែល​កូន​ទាំង ២​នាក់​នេះ ត្រូវបាន​គាត់​បំបែកចេញ​ពីគ្នា តាំងពី​តូចៗ រហូតដល់​ធំ​ពេញវ័យ​។ ដោយ​ខ្លាច​វង្វេង រក​កូនប្រុស ដែល​ផ្ញើទុក​ជាមួយ​គេ នៅ​ភូមិ​មួយ ពេល​ធំ មិនឃើញ គាត់​ក៏បាន​ពាក់​កងមាស មួយ នៅ​កជើង ដែល​បច្ចុប្បន្ន ភូមិ​នោះ ត្រូវបាន​ដាក់ឈ្មោះថា ” រលាក់ ក ជើង ” ។ ដោយសារតែ​ខ្លាច​បែក​ទ្រព្យសម្បត្តិ គាត់​មិន​បានឱ្យ​កូន ទៅយក​គ្រួសារ​ផ្សេង​នោះទេ បើទោះជា​គេ មក​ដណ្តឹងកូនក្រមុំ​ក្តី ។​

​ក្រោយមក​គាត់ ក៏​គិត​គ្នា​ជាមួយ​ប្រពន្ធ​ថា ចៀសវាង​បែក​ទ្រព្យសម្បត្តិ ពុះ​មាស​ប៉ុន​ដូងទុំ ជា​ពីរ​ចំណែក មានតែ​រៀប​ការកូន​របស់ខ្លួន ដែល​បំបែកចេញ កាលពី​តូច ឱ្យ​យកគ្នា​ជា ប្តី​ប្រពន្ធ​។ គិតគូរ​រួចហើយ គាត់​ក៏​រៀបចំ​ពិធីមង្គលការ​កូន ដែលជា​បងប្អូន​បង្កើត​នឹង​គ្នា ដោយបាន​អញ្ជើញ​ភ្ញៀវ មក​ចូលរួម យ៉ាងច្រើន​កុះករ លើកលែងតែ​យាយ​តី​ម្នាក់​គត់ ដែល​សេដ្ឋី មិនបាន​ហៅ​ឱ្យចូល​រួម មិនតែប៉ុណ្ណោះ សេដ្ឋី ថែមទាំង​បាន​យក​ក្រពើ ដែល​យាយ​តី​ចិញ្ចឹម មក​កាប់​ធ្វើ​ម្ហូប ទុក​ទទួលភ្ញៀវ ថែម​ទៀតផង ដែល​ពិធីមង្គលការ​នេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ១៥ រោច ខែ​ពិសាខ និង​បាន​ក្លាយជា​ប្រពៃណី បុណ្យ​ឡើង​សំណំ របស់​ជនជាតិដើម​ភាគតិច​សួយ មកទល់​សព្វថ្ងៃនេះ​។​

​បើ​និយាយ​ពី​យាយ​តី​វិញ ក្រោយពី​ដឹងថា សេដ្ឋី រៀបការ​កូនបង្កើត ឱ្យ​យកគ្នា​ជា​ប្តី​ប្រពន្ធ គាត់​មាន​ការបា​ម្ភ​ជាខ្លាំង ហើយ​នៅ​ថ្ងៃ​ចូល​រោង ក៏​មិនបាន​ទៅ​ក្បែរ​នោះដែរ​។ វេលាយប់​ឡើង ស្រាប់តែ​យាយ​តី យល់សប្តិ ឃើញ​យមទូត មក​ប្រាប់ថា ថ្ងៃស្អែក ហាម​ដាច់ខាត មិនឱ្យ​ចូលទៅ​ក្បែរ កន្លែង​គេ​ការកូន​ឡើយ ភ្ញាក់​ពី​យល់សប្តិ យាយ​តី ភ័យ​ណាស់ នៅតែ​ក្នុងផ្ទះ តែម្នាក់ឯង មិន​ចេញ​ទៅណា​ឡើយ ហើយ​បាន​បួងសួង​ថា បើ​គាត់​មានជីវិត​រស់ គាត់​នឹង​កោរសក់​ថ្វាយ ដល់​ព្រះធរណី នៅ​ភូមិ​ដែល​យាយ​តី រស់នៅ ដូច្នេះហើយ ទើប ភូមិ​នោះ មាន​ឈ្មោះថា ភូមិ​កោ​ដូនតី រហូតមកទល់​សព្វថ្ងៃ​នេះ​។​

​និយាយ​ពី​ផ្ទះ​សេដ្ឋី​វិញ មនុស្ស​មក​ចូលរួម យ៉ាងច្រើន​កុះករ ពេល​ពិធីសែនព្រេន បានចាប់ផ្តើម ឡើង ស្រាប់តែ​កើតមាន​បាតុភូត​ចម្លែក ដោយ​ក្នុង​បរិវេណ​ផ្ទះ​សេដ្ឋី ត្រូវ​ព្រះធរណី ស្រូបយក មនុស្ស​ទាំងអស់ ចូលទៅក្នុង​ដី គ្មាន​សល់ លើកលែងតែ​យាយ​តី​ម្នាក់​គត់​។​

​ដោយ​ឃើញ ទិដ្ឋភាព​បែប​នោះ យាយ​តី ភ័យ ក៏បាន​រត់គេច​ពី​កន្លែង​នោះ ទៅដល់​ដី​ទួល​មួយ កន្លែង (​បច្ចុប្បន្ន ដី​ទួល​នោះ បាន​ក្លាយជា​តំបន់​ដីព្រៃ អារក្សភ្នំ​តេ​) គាត់​ក៏បាន​កោរសក់ នៅ​ទីនោះ តាម​អ្វីដែល​គាត់ បាន​បន់ស្រន់​ថ្វាយ ដល់​ព្រះធរណី ហើយក៏ រស់នៅ​ទីនោះ រហូត​មានគ្រួសារ និង​កូនប្រុស​មួយ​។​

​ក្រោយពី​កូនប្រុស​កើត ប្តី​របស់គាត់ ក៏​ទៅ​បួស​ជាតា​បស នៅលើ​ភ្នំ​ខ្ជោល (​ឱ​រ៉ា​ល់​) ហើយ​ពេលដែល​កូន​កើតមក មានឈ្មោះ ត្រសក់ផ្អែម​។ ចំណែក​កន្លែង ទឹក​ពុះ​ឯណេះ​វិញ ក្រោយពី​ព្រះធរណី ស្រូបយក​អ្នក​ដែល​មក​ចូលរួម ពិធី​ការកូន​សេដ្ឋី ជនជាតិ​សួយ អស់ហើយ កន្លែង​នោះ ក៏​ស្រាប់តែ​ក្លាយជា​មានទឹក​ហូរ ចេញពី​ក្នុង​ដី ហើយ​មាន​កំដៅ​ក្តៅ រហូតដល់​បច្ចុប្បន្ន​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោក​ស្រី ម៉ែន សា​មីន តំណាង​ជនជាតិដើម ភាគតិច​សួយ ភូមិ​កោ​ដូនតី ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​៕/V​