​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អភិបាលរដ្ឋ​តិច​សាស់ លោក ហ្គ្រេ​ក អាប់​បុត (Greg Abbott) បាន​និយាយថា យ៉ាងហោចណាស់ ជនអន្តោប្រវេសន៍​ចំនួន ៤២ នាក់​ត្រូវបាន​ប្រទះឃើញ​​ស្លាប់​នៅក្នុង​ឡាន​កុងតឺន័រ​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី ២៧ ខែមិថុនា ក្នុង​ទីក្រុង​សាន់​អង់​តូ​នីញ៉ូ (San Antonio) រដ្ឋ​តិច​សាស់​នៅក្នុង​អ្វី​ដែល​ហាក់ដូចជា​ឧបទ្ទវហេតុ​ដ៏​ប្រល័យ​បំផុត​មួយ​នៃ​ការរត់​​ពន្ធ​មនុស្ស​នៅតាម​បណ្តោយ​ព្រំដែន​សហរដ្ឋ​អាម៉េរិក​និង​ម៉ិក​ស៊ិក​។​

​រដ្ឋមន្ត្រីការបរទេស​ម៉ិក​ស៊ិក លោក ម៉ា​សេ​ឡូ អេ​ប្រាដ (Marcelo Ebrard) បាន​ហៅ​ការ​ថប់ដង្ហើម​ស្លាប់​របស់​ជនអន្តោប្រវេសន៍​នៅក្នុង​ឡាន​ថា “​សោកនាដកម្ម​នៅ​រដ្ឋ​តិច​សាស់​”​ហើយ​បាន​​និយាយថា មន្ត្រី​ស្ថាន​កុងស៊ុល​ម៉ិក​ស៊ិកក្នុង​តំបន់​កំពុង​ធ្វើដំណើរ​ទៅកាន់ក​ន្លែ​ង​កើតហេតុ ទោះបីជា​សញ្ជាតិ​របស់​ជ​ន​រងគ្រោះ​មិន​ត្រូវ​បាន​បញ្ជាក់​ក៏ដោយ​។​

​មន្ត្រី​អនុវត្ត​ច្បាប់​របស់​សហរដ្ឋ​អាម៉េរិក​មួយរូប​បាន​និយាយថា​មាន​មនុស្ស​ស្លាប់​ជាង ៤០ នាក់ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ​។​

​ទូរទស្សន៍ KSAT​របស់​ទីក្រុង​សាន់​អង់​តូ​នីញ៉ូ បាន​រាយការណ៍​ថា រថយន្ត​ដឹកទំនិញ​នេះ​ត្រូវបាន​ប្រទះ​ឃើញ​ផ្លុង​ចោល​នៅ​ជាប់​នឹង​ផ្លូវដែក​ក្នុង​តំបន់​ដាច់ស្រយាល​មួយ​នៅ​ជាយក្រុង​ភាគខាងត្បូង​។​

​នៅ​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​មាន​ការឆ្លងកាត់​ព្រំដែន​ពី​សំណាក់​ជនអន្តោប្រវេសន៍​ក្នុង​ចំនួន​ច្រើន​បំផុត​នៅតាម​ព្រំដែន​អាម៉េរិក​-​ម៉ិក​ស៊ិក ដែល​បាន​បង្ក​ឱ្យ​មាន​ការរិះគន់​ចំពោះ​គោលនយោបាយ​អន្តោប្រវេសន៍​​របស់​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន មក​ពី​បក្ស​ប្រជាធិបតេយ្យ​។​

​លោក​អាប់​បុត ដែល​មក​ពី​បក្ស​សាធារណរដ្ឋ បានដាក់​ការស្តីបន្ទោស​ចំពោះ​ការស្លាប់​នេះ​ទៅ​លើ​គោលនយោបាយ​របស់​លោកបៃ​ដិន​នៅលើ Twitter ដោយ​និយាយថា ការស្លាប់​របស់​ពួកគេ​”​បង្ហាញ​​ពី​ផលវិបាក​ដ៏​គ្រោះថ្នាក់​នៃ​ការបដិសេធ​របស់គាត់​ក្នុង​ការអនុវត្ត​ច្បាប់​”៕

​ប៉ូលិស​កំពុង​ធ្វើការ​នៅ​ទីតាំង​កើតហេតុ ដែល​ជនអន្តោប្រវេសន៍ ៤២ នាក់​ស្លាប់​ក្នុង​ឡាន​កុងតឺន័រ​ផ្លុង​ចោល​នៅ​ទីក្រុ​ងសាន់​អង់​តូ​នីញ៉ូ​កាលពី​ថ្ងៃ​ចន្ទ